នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បាន​ប្រកាសនាំចូល​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ Victor Blasco ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ក្នុង​​រដូវ​កាល​ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា នៃពានរង្វាន់ Cambodian Premier League 2023-2024។

​ខ្សែ​ប្រយុទ្ធអេស្ប៉ាញ Victor Blasco បាន​ប្រកាស​ចែក​ផ្លូវ​ជា​មួយ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ កាលពីថ្ងៃព្រហស្បិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនទីផ្សារដោះដូរកីឡាករ ៥ថ្ងៃ ក្រោយ​ចូល​រួម​ជា​មួយ​ក្រុម​កាល​ពី​ដើម​រដូវ​កាល​ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា។​​

ខ្សែប្រយុទ្ធ Victor Blasco ជាអតីតកីឡាករ Deportivo y Social VIDA ម្ចាស់ជើងឯក ២សម័យ​លីគ​កំពូល​ហុងឌូរ៉ាស មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទី២ នៃពានរង្វាន់ Cambodian Premier League 2022។ កីឡាករ​វ័យ២៧ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយ​រូប​នេះមានដើមកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តួនាទី​ជាខ្សែប្រយុទ្ធស្លាបឆ្វេង មានកម្ពស់ ១.៧៨ម៉ែត្រ។

គួរដឹងថា Victor ​គឺជាមិត្តភក្តិ​ដ៏​ជិត​ស្និតរបស់ Marcus Haber អំឡុង​ពេល​ដែល​គេប្រ​កបអា​ជីពបាល់ទាត់នៅក្របខណ្ឌ Canadian Premier League លីគកំពូលកាណាដា Pacific FC និងនៅព្រះខ័នរាជស្វាយរៀង ក្របខណ្ឌ Cambodian Premier League លីគកំពូលកម្ពុជា។

រំលឹក​ថា ក្រុមហ៊ុន Cambodian Premier League បាន​ចេញ​ផ្សាយ​ពី​កាល​បរិច្ឆេទ​នៃការ​ផ្ទេរ​កីឡាករ​ជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) សម្រាប់ តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​នេះ។

ខ្លឹមសារ​សង្ខេប​នៅ​លើ​សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​ទីផ្សារដោះដូរកីឡាករលើកទី២ នឹង​បើក​ទ្វារ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយ​ក្នុងនោះ​ក្លិប​ជា​សមាជិក​អាច​បន្ថែម​កីឡាករ​ក្នុង​ក្រុម​ខ្លួន​បាន​៖ កីឡាករជាតិ ៦រូប,កីឡាករអន្តរជាតិ ៣រូប៕

Share.