ភ្នំពេញ ៖ ក្មេងប្រុសទើបអាយុ៤ឆ្នាំម្នាក់ ចុះបេះត្រកួនក្នុងត្រពាំងទឹក ផុងជើងធ្លាក់ចូលកន្លែងជ្រៅ លង់ស្លាប់ ផ្អើលប្រជាពលរដ្ឋនាំគ្នាចុះស្រង់ ។ ហេតុការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រពាំងទឹកមួយកន្លែងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ ហួត ចិត្ត្រា អាយុ៤ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ០៦ ០២ ២០១៩) មានបងប្អូន២នាក់ ប្រុស១នាក់ ស្រី១នាក់ អាយុ៦ឆ្នាំ ក្មេងរងគ្រោះជាកូនពៅ មានឳពុកឈ្មោះ ដួង ថា អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ម្តាយឈ្មោះ សឿង ស្រីម៉ាប់ អាយ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅភូមិបឹងសាទង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលឪពុកម្តាយរបស់ក្មេងរងគ្រោះរវល់នៅធ្វើការរោងចក្រ ក្មេងរងគ្រោះ២នាក់បងប្អូន និងក្មេងស្រីម្នាក់ទៀត បាននាំគ្នាដើរបេះត្រកួន ក្នុងទឹកកំពុងជន់លិចវាលស្រែខាងក្រោយភូមិ ស្រាប់តែក្មេងប្រុសរងគ្រោះដើរ ផុងធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឱ្យលង់ ឃើញដូច្នោះ បងៗ២នាក់រត់ឡើងគោក ស្រែកហៅអ្នកភូមិឱ្យជួយ ទើបផ្អើលឆោឡោ ចុះទៅស្រង់បាន តែស្លាប់បាត់ទៅហើយ ឆោឡោ តាមហៅឪពុកម្តាយ មកមើល ។

សពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅស្រុកដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.