កំពង់ធំ៖ ថ្មីៗនេះមន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញលិខិតប្រកាសព័ត៌មាន ក្នុងគោលបំណងបដិសេធ លើសេចក្ដីរាយការណ៍ ថាមានករណីកាប់ឈើយ៉ាងអនាធិបតេយ្យនៅឃុំពពក ស្រុកស្ទោង ជាប់ព្រំប្រទល់ ស្រុកប្រាទបល្ល័ង ខេត្តកំពង់ធំ ។

ក្នុងលិខិតបានបដិសេធន៍បានបញ្ជាក់ថា ក្នុងភូមិសាស្ត្រឃុំពពក ស្រុកស្ទោងនេះ មិនមានតំបន់ព្រៃស្រោង ឬដើមឈើធំៗដែលអាចឱ្យជនល្មើសចូលទៅកាប់ អារ ច្រៀក ដឹកលក់បានទេ ។ ដោយតំបន់នោះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ស៊ីអ ស៊ីខេ ធូ (c r c k 2) អភិវឌ្ឍន៍ដំណាំកសិឧស្សាហ៍កម្មកៅស៊ូ ។ ក្រៅពីនេះជាដីស្រែចំការរបស់ពលរដ្ឋអាស្រ័យផល ។

បច្ចុប្បន្នពលរដ្ឋ ដឹកអុសងាប់និងដើមខ្លះ ដែលសល់តាមចំការ និងមានអុសស្រស់ខ្លះកាប់ចេញពីក្បាលចំការ សំរាប់យកទៅដុតលក្ខណៈគ្រួសារ និងពិធីផ្សេងៗតែប៉ុណ្ណោះ និងមួយចំណែកទៀតពួកគាត់យកទៅលក់ដូរដោះស្រាយជីវភាព ។ ដូច្នេះមន្ទីរបរិស្ថានសូមបញ្ជាក់ថា មិនមានបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានឡើយ ។

ជុំវិញការបកស្រាយខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមានលើកឡើងថា មានករណីកាប់ឈើព្រៃដឹកជញ្ជូនតាមគោយន្ត និងតាមរទេះចេញពី ព្រៃការពាររបស់បរិស្ថាន សហគមន៍ស្រែក្រសាំង និងចេញពីដែនជម្រកសត្វ តាមច្រកអូរពេន ដើម្បីយកមកលក់បន្តឱ្យឈ្មួញ ដែលចេញចូលដឹកតាមរថយន្តធំៗរាល់ថ្ងៃ ។

តាមប្រជាពលរដ្ឋដែរជាអ្នកភូមិរស់នៅក្នុងភូមិសាស្ត្រខាងលើបានបញ្ជាក់ថា រាល់ថ្ងៃ អ្នកភូមិដែលមានរទេះ ឬគោយន្ត គេនាំគ្នាចូលកាប់ព្រៃតូចធំតាមជាក់ស្ដែង អារ ច្រៀក និងកាត់តំរូវតាមខ្នាត ហើយវាស់ជាម៉ែត្រគីប ហើយជាប្រភេទឈើស្រស់ដែលមានដូចជាដើម ក្លុង ត្បែង ត្រាច ចំបក់ កូនផ្ចិក កូនបេង និងកូនតាសេក សំរាប់លក់ឲ្យឈ្មួញ ទិញដាក់ឡានធំៗ ។ ពួកគាត់បន្តថា បច្ចុប្បន្នមានឈ្មួញច្រើនចូលដេញថ្លៃទិញប្រណាំងគ្នា ក្នុងមួយគីប 30000៛ ហើយឈ្មួញខ្លះហ៊ានទិញមួយគីប40000៛ ។ ពួកគាត់និយាយថា អ្នកចូលកាប់ព្រៃទាំងនេះត្រូវបានបង់ឲ្យទៅមន្ត្រីស្នាក់ការបរិស្ថាន និងមន្ត្រីពាក់ព័ន្ធ រួចហើយទើបអាច ចូលកាប់ អារ ច្រៀក និងដឹកចេញបាន ។ អ្នកភូមិនិយាយឱ្យដឹងថា ឈ្មួញឈើដែលល្បីខ្លាំងនិងហ៊ានទិញដេញថ្លៃជាងគេ គឺឈ្មោះ តាហ៊ុយ ដែលគាត់ចាប់ប្រមូលទិញពីភូមិសំបួរ រហូតដល់ព្រៃចំការកៅស៊ូ ហើយដឹកតាមឡានយីឌុបធំៗ។

ជុំវិញរឿងរាវនេះដែរលោកមាន ស៊ីតូ មន្ត្រីរដ្ឋបាលព្រៃឈើស្ទោង បានឱ្យអ្នកសារព័ត៌មានដឹងថា នៅស្រុកស្ទោង គ្មានអុសទេ ។ ហើយលោកបន្តថា បើនៅឃុំពពក គឺមានអុសតាមដីចំការ មានប្លង់ ដែលគាត់កាប់យកមកប្រើលក្ខណៈគ្រួសារ ជាអុសចន្ទី និងកៅស៊ូ ងាប់ៗ ។ ហើយចាប់ពីភូមិសំបួរទៅដល់ភូមិពពក ស្រុកស្ទោង គឺជាដីគ្រប់គ្រងដោយបរិស្ថាន ។

ក្រោយមានការបកស្រាយ និងការចេញលិខិតបដិសេធន៍របស់មន្ត្រីរជំនាញ់ពាក់ព័ន្ធបែបនេះហើយ ក៏នៅមានតែមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញករណីនេះ ដោយសារតែពួកគាត់មើលឃើញថា មានឡានយីឌុបធំៗចូលដឹកឈើគីបនេះចេញពីភូមិសាស្ត្រឃុំពពក ស្រុកស្ទោង និងឡានឈ្មួញផ្សេងៗដឹកឈើគីបរាល់ថ្ងៃមិនចេះអស់រាប់ខែ ឆ្នាំមកហើយនេះ។ ដោយពួកគាត់បានចោទសួរថា តើអ្នកណាបើកដៃឱ្យកាប់កូនឈើតូចនេះពីក្នុងព្រៃ ហើយអ្នកណាអនុញ្ញាតិឲ្យដឹកចេញទាំងឡានៗតាមថ្នល់ជាតិរាល់ថ្ងៃនេះ។ ហើយពួកគាត់ក៏ស្នើរសុំឱ្យមន្រ្តីពាក់ព័ន្ធ ជួយតាមដានរឿងនេះផង កុំឱ្យជនខិលខូចកាន់តែបានដៃបំផ្លាញព្រៃទៀត៕

អត្ថបទ៖ កំពង់ធំ

Share.