
ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ វគ្គជម្រុះជុំទី២ ប្រកួតទី២ ចាប់ផ្តើមថ្ងៃទី២១ ខែវិច្ឆិកា ស្របពេលដែលក្រុមជម្រើសជាតិម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលជាសមាជិកអាស៊ានត្រូវប្រកួតល្ងាចនេះដូចគ្នា។
កម្មវិធីប្រកួតរបស់ក្រុមអាស៊ានមានដូចជា៖
- មីយ៉ាន់ម៉ា ប៉ះ កូរ៉េខាងជើង ម៉ោង ៤:៣០រសៀល
- ហ្វីលីពីន ប៉ះ ឥណ្ឌូនេស៊ី ម៉ោង ៦:៣០ល្ងាច
- ចិនតៃប៉ិ ប៉ះ ម៉ាឡេស៊ី ម៉ោង ៦:០០ល្ងាច
- សិង្ហបុរី ប៉ះ ថៃ ម៉ោង ៧:០០យប់
- វៀតណាម ប៉ះ អ៊ីរ៉ាក់ ម៉ោង ៧:០០យប់។

សូមបញ្ជាក់ដែរថា សម្រាប់វគ្គជម្រុះជុំទី២នេះ ក្រុមដែលស្ថិតនៅក្នុងពូលនីមួយៗ នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមឈរលេខ១និងលេខ២ មានឈ្មោះឡើងទៅជុំទី៣បន្ត។
ដោយឡែកសម្រាប់វគ្គជម្រុះជុំទី៣ នេះសល់ក្រុមខ្លាំងចំនួន១៨ក្រុម ត្រូវចាប់ឆ្នោតបែងចែក៣ពូល ប្រកួតសន្សំពិន្ទុ ហើយក្រុមលេខ១និងលេខ២តាមពូល មានឈ្មោះ កក់សំបុត្រយន្តហោះទៅប្រកួត World Cup ឆ្នាំ២០២៦ ខណៈក្រុមលេខ៣និងលេខ៤ ត្រូវបន្តទៅប្រកួតជុំទី៤ ជាបន្ត។
វគ្គជម្រុះជុំទី៤ នេះសល់ក្រុម៦ ដោយចែកជា២ពូល បន្តប្រកួតសន្សំពិន្ទុ ហើយក្រុមឈរលេខ១ទាំង២ពូល មានឈ្មោះទៅប្រកួត World Cup ជាមួយ៦ក្រុមមុន។ ចំណែកក្រុមលេខ២ ក្នុងចំណោមពូលទាំង២ ត្រូវទៅប្រកួតនៅវគ្គទី៥ជាបន្ត។
វគ្គជម្រុះជុំទី៥ នេះ នៅសល់ក្រុមចំនួន២ដែលស្ថិតនៅវគ្គជម្រុះជុំទី៤ ត្រូវប្រកួតគ្នាចំនួន២ជើង រកអ្នកឈ្នះ ដើម្បីតំណាងអោយទ្វីបអាស៊ី ទៅប្រកួតជាមួយក្រុមមួយមកពីទ្វីបផ្សេង ស្វែងរកអ្នកខ្លាំងយកសិទ្ធិឡើងទៅប្រកួត World Cup 2026៕


