បច្ចុប្បន្នដំណេកបានក្លាយជាបញ្ហាលំដាប់ទីមួយដែលមនុស្សស្ថិតក្នុងវ័យការងារកំពុងតែប្រឈម។ ការទទួលទានដំណេកមិនគ្រប់គ្រាន់ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត ថែមទាំងធ្វើឱ្យសម្រស់របស់យើងទ្រុឌទ្រោមចាស់ជាងវ័យ។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាដំណេកអាចសាកល្បងរកអាហារ៧មុខមកញ៉ាំដើម្បីជំនួយដល់ការគេងលក់របស់អ្នកបាន។
១. គ្រាប់អាម៉ុន

គ្រាន់អាល់ម៉ុនជាគ្រាប់សណ្ដែកដែលល្អចំពោះសុខភាព ថែមទាំងជួយដល់ការគេងលក់បានល្អ ព្រោះនៅក្នុងគ្រាប់អាល់ម៉ុនមានផ្ទុកទៅដោយសាធាតុសំខាន់ៗដូចជា Melatonin ,Magnesium ពិសេសសារធាតុរ៉ែផ្សេងៗ ដែលជាសារធាតុជួយឱ្យរាងកាយយើងឆាប់ងងុយគេង ដូច្នេះអ្នកដែលមានបញ្ហាដំណេកអាចសាកល្បងពិសារគ្រាប់អាល់ម៉ុនមុនគេងអាចនឹងជួយកែបញ្ហារបស់អ្នកបាន។
២. តែផ្កា Chamomile

ផ្កា Chamomile រមែងត្រូវបានគេនិយមយកមកឆុងជាតែបែបថ្នាំដើម្បីព្យាបាលអាការៈគេងមិនលក់តាំងតែពីសម័យបុរាណ ដោយសារមានផ្ទុកទៅដោយសារជាតិ antioxidant ដែលនឹងជួយឱ្យរាងកាយមនុស្សយើងកើតមានអាការៈងងុយគេង ថែមទាំងជួយឱ្យមានអារម្មណ៍ធូរស្បើយ កាត់បន្ថយអាការៈតានតឹងនិងសោកសៅ ថែមទាំងជួយឱ្យអ្នកញ៉ាំឆាប់គេងលក់។
៣. គីវី

នៅក្នុងផ្លែគីវីសំបូរទៅដោយសារធាតុ Serotonin និងសារធាតុ antioxidant ដែលជួយឱ្យការគេងលក់ស្រួលរបស់អ្នកមានប្រសិទ្ធភាព ជាពិសេសការគេងលក់កាន់តែមានភាពងាយស្រួលឡើង។ យើងតាមការសិក្សានៅក្នុងចំណោមមនុស្សពេញវ័យដែលគេងមិនលក់រកឃើញថាការទទួលទានគីវីចំនួន២ផ្លែនៅមុនពេលចូលគេងមួយម៉ោង នឹងជួយឱ្យគេងលក់បានកាន់តែលឿនជាងមុនរហូតដល់៤២ ភាគរយ មិនតែប៉ុណ្ណោះថែមទាំងជួយកាត់បន្ថយការភ្ញាក់ដឹងខ្លួនពាក់កណ្ដាលយប់បានយ៉ាងល្អទៀត។
៤. ខ្លាញ់ត្រី

ត្រីដែលមានខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីធូណា ត្រី ថេរ៉ា ត្រីប្លាធូ និងត្រីសមុទ្រផ្សេងៗទៀតក្រៅពីជួយបំប៉នសុខភាពអ្នកញ៉ាំហើយ ថែមទាំងសំបូរទៅដោយវីតាមីន D និង អូមេហ្គាបីដែលជួយឱ្យរាងកាយទទួលបានការបន្ធូរបន្ថយនិងគេងលក់បានស្រួល។
៥. Walnuts ឬផ្លែខួរក្បាល

ផ្លែខួរក្បាលមានសារធាតុរ៉ែច្រើនដែលល្អសម្រាប់សុខភាពដែលក្នុងនោះសារធាតុដែលលេចធ្លោមាន Magnesium , Phosphorus ទង់ដែង និង Manganese ដែលមានចំណែកជួយឱ្យដំណេករបស់អ្នកគេងលក់បានស្រួល ព្រោះសំបូរទៅដោយ Melatonin ដែលជួយកែសម្រួលរាងកាយឱ្យអ្នកអាចគេងលក់ស្រួលយ៉ាងមានប្រសិទ្ធភាព។
៦. តែផ្កាក្រូចវ័ល្លិឬតែផ្កាផាស់សិន

តែផ្កាផាស់សិនមានគុណប្រយោជន៍ជួយឱ្យអ្នកពិសារបាត់ភ័យព្រួយនិងតប់ប្រមល់ ដែលផ្ដល់ផលល្អចំពោះការគេងលក់ស្រួលដោយសារមានផ្ទុកទៅដោយសារធាតុantioxidant ហើយជួយបន្ថែមប្រសិទ្ធភាពក្នុងការផលិតសារធាតុ GABA ដែលហុចផលឱ្យអ្នកបរិភោគមានអារម្មណ៍ធូរស្រាល ជួយឱ្យគេងលក់បានងាយស្រួលហើយនឹងគេងលក់បានស្កប់ស្កល់ថែមទៀត បន្ថែមលើសពីនោះអាចជួយឱ្យអ្នកគេងលក់បានកាន់តែយូរនិងកាត់បន្ថយការភ្ញាក់ពាក់កណ្ដាលយប់បានទៀតផង។
៧. បាយស

បាយសអាចមិនមែនជាជំរើសមួយសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះអាចនឹងធ្វើឱ្យរាងកាយប្រមូលផ្ដុំខ្លាញ់ក្នុងសារពាង្គកាយកាន់តែច្រើន តែសម្រាប់អ្នកដែលគេងមិនលក់ ការទទួលទានបាយមុ១ម៉ោងនៅមុនពេលចូលគេង នឹងជួយឱ្យអ្នកទទួលទានគេងឆាប់លក់ ព្រោះបាយនឹងចូលទៅបង្កើនកម្រិតជាតិស្ករក្នុងឈាមឱ្យខ្ពស់ ដែលផ្ដល់ផលឱ្យសារពាង្គកាយយើងមានភាពធូរស្រាលនិងឆាប់ងងុយគេង។
សូមបញ្ជាក់ដែរថាក្រៅពីអាហារទាំង៧មុខនេះហើយ នៅមានអាហារច្រើនទៀតដែលជួយឱ្យអ្នកឆាប់ងងុយគេងក្នុងនោះ ទឹកដោះគោ ចេកនិង ពោត ជាអាហារដែលស័ក្តិសមសម្រាប់ទទួលទានមុនពេលចូលគេង ដើម្បីជួយឱ្យអ្នកគេងលក់យ៉ាងមានប្រសិទ្ធភាពដូច្នេះសម្រាប់អ្នកពិបាកគេងសូមណែនាំថាអ្នកគួរតែទទួលទានអាហារខាងលើនេះដើម្បីជួយឱ្យរាងកាយយើងឆាប់គេងលក់៕