បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ នៅផ្ទះជនរងគ្រោះភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង ៣០ នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៣នេះ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជងរងគ្រោះមានឈ្មោះ យុន ចិន្តា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បានរងរបួស ស្នាមបែកសៀតផ្កា ផ្នែកខាងឆ្វេង ០១កន្លែង ដេរចំនួន ០៣ថ្នេរ។

ចំណែកជនសង្ស៏យមានឈ្មោះ បូ រ៉ាវីត  ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ (ប្តីប្រពន្ធរស់នៅមិនចុះសម្រុងគ្នាជាយូរមកហើយ) ដោយជនសង្ស័យចុះចោលផ្ទះ និងតែងតែរករឿងជេរប្រមាថ ប្រើហិង្សាលើជនរងគ្រោះ (ប្រពន្ធ) ច្រើនលើកមកហើយ រហូតដល់ជនរងគ្រោះលែងហ៊ានដេកនៅផ្ទះ ពេលយប់គឺទៅដេកនៅផ្ទះបងប្អូន។

នៅថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី ជនរងគ្រោះបានត្រឡប់មកពីដេកនៅផ្ទះបងប្អូនវិញ។ ពេលមកដល់ផ្ទះ ជនសង្ស័យក៏បានរករឿងហើយមានការឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះ ក៏ដើរទៅក្រោយផ្ទះស្រាប់តែជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះចំនួន០៣ដុំថ្ម បណ្ដាលឱ្យត្រូវជនរងគ្រោះចំសៀតផ្កាខាងឆ្វេង បែកហូរឈាម ។

ក្រោយពីជនសង្ស័យគប់ហើយជនសង្ស័យក៏ឡើងលើផ្ទះ ចំណែកជនរងគ្រោះហូរឈាមងងឹតមុខនឹងបានស្រែកឱ្យកូនជួយ ហើយកូនស្រីរបស់ជនរងគ្រោះ និងបងប្អូនបាននាំគ្នាមកជួយដឹកជនរងគ្រោះទៅពេទ្យឯកជននៅភូមិអន្លង់ស្លែង ហើយពេទ្យក៏បានលាងនិងដេររបួស ឱ្យជនរងគ្រោះ តែដោយជនរងគ្រោះមានជំងឺលើសឈាម កូននឹងបងប្អូនបាននាំជនរងគ្រោះ ទៅដេកនៅពេទ្យបង្អែករកាកោង បន្ទាប់មកក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ តែម្ដង។

ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពយក ដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមពិតប្រាកដមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលនិងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.