សិល្បៈជាតិ​៖ ជា​ថ្មី​ម្ដង​ទៀត​ ឧកញ៉ា ទ្រី ដាណា បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​អ្នក​នាង​ បាន​ប្រកាសបើក​ទ្វារ​ផ្ទះ​ស្វាគមន៍​សមាជិក​ថ្មី​ ដែល​ត្រូវ​ជា​អនាគត​ស្វាមី​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

យោង​តាម​​រយៈ​ការ​បង្ហោះ​របស់​អ្នកជំនួញ​ជោគជ័យ​វ័យ​ខ្ទង់​៣០​ប្លាយ​រូប​នេះ​ បាន​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អ្នក​នាង​បាន​បង្ហោះរូបភាព​ទទួល​ស្វាគមន៍​គូ​ដណ្ដឹង​ចូល​មក​រស់​នៅ​ក្នុង​ភូមិគ្រឹះ​របស់​អ្នក​នាង​​ដោយ​មាន​ភ្ជាប់​សំំណេរ​​សង្ខេប​ខ្លី​ថា​៖
«ស្វាគមន៍​សមាជិក​ថ្មី​ បងសាល។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​ដែល​បងសាល​ចូល​មក​នៅ​ត្រៀម​សម្រាប់​ពិធី​មង្គលការ​ពួក​យើង​ ថ្ងៃ​ទី៣​ ខាង​មុខ​នេះ។» ការ​លើក​ឡើង​យ៉ាង​ខ្លីរបស់​អ្នក​នាង​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​អ្នក​នាង​បាន​បង្ហោះ​វីដេអូ​មួយ​មានប្រវែង​៧​នាទី​និង​៣៣​វិនាទី​។

យោង​តាម​វីដេអូ​នោះ​គេ​ឃើញ​គូ​ដណ្ដឹង​អ្នក​នាង​ ទ្រី ដាណា គឺលោក​ រស់ រាជ្ជសាល បាន​យួរ​វ៉ាលី​ចំនួន​ពីរ​ចុះ​ពី​លើ​ឡាន ហើយ​មាន​បុរស​ពីរ​នាក់ដែល​ទំនង​ជា​អង្គរក្ស​​ឬ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ភូមិ​គ្រឹះ​​ឧកញ៉ា​សម្បូរទ្រព្យ​រូប​នេះ​បាន​ឈរ​កាន់​ក្រណាត់​​ក្រហម​រង់​ចាំឃាត់ដំណើរ​ ​បុរស​សង្ហាដែល​ត្រូវ​ជា​គូ​ដណ្ដឹង​អ្នក​នាង​ ទ្រី ដាណា លុះត្រា​តែ​មាន​ការ​ឆ្លើយ​សំនួរ​ឬ​ដោះដូរ​ដោយ​អាំង​ប៉ាវ​ទើប​អាច​ឆ្លង​កាត់​បាន​។ ហេតុ​ដូច្នេះ​ហើយ​បុរស​រូប​សង្ហា​របស់​យើង​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​​ម្ដង​មួយ​ដំណាក់ម្ដង​មួយ​ដំណាក់​ទម្រាំ​អាច​ឡើង​ដល់​បន្ទប់​ទទួល​ភ្ញៀវជាន់ទីពីរ។ តាម​សម្ដីអ្នក​នាង​ ទ្រី ដាណា គូដណ្ដឹង​អ្នក​នាង​នៅមិនទាន់អាចរួម​បន្ទប់​ជាមួយ​អ្នក​នាង​បាន​នៅឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​លុះ​ដល់​ថ្ងៃ​ទី៣ ដែល​ជា​រៀបការរបស់​អ្នក​នាងទាំង​ពីរ​សិន​។

នៅពេល​ឮ​សម្ដី​លោក​ រាជ្ជសាល​ហៅ​​អ្នក​នាង​ ទ្រី ដាណា ប្រពន្ធ​ពេញ​ៗ​មាត់​ ថែម​ទាំងម្ចាស់ខ្លួន​​ប្រកាស​ដោយ​រីករាយ​ក្នុង​វីដេអូ​នោះ​ថា​ «ថ្ងៃ​នេះ​បាន​ប្រពន្ធ​ហើយ» ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ទស្សនា​វីដេអូ​គ្រប់គ្នា ​ខ្លះ​អៀន​រមួល​ ខ្លះ​ទៀត​រំភើប​រហូត​សើច​បិទមាត់លែង​ជិត​ជំនួសសមីខ្លួន​ទៀត​ផង​។

កន្លង​មក​អ្នក​នាង​ ទ្រី ដាណា​ ត្រូវ​បាន​មហាជន​ទទួល​ស្គល់​ថា​ពូកែ​ខាង​​ធ្វើ​​ជំនួញ និង​មាន​ដុង​សិល្បៈ​​ពេញ​ខ្លួន​ អ្នក​នាង​មិន​ត្រឹម​តែ​អាច​ច្រៀង​បាន​យ៉ាង​ពីរោះនោះ​ទេ​ ថែម​ទាំង​អាច​​សម្ដែង​បាន​ល្អ​មិន​ចាញ់​អ្នក​សម្ដែង​អាជីពនោះ​ឡើយ​។ ប៉ុន្តែ​បើ​និយាយ​ដល់​រឿង​ស្នេហា អ្នក​នាង​ហាក់ដូច​រាង​អភ័ព្វ​បន្តិច​ព្រោះ​ជួប​តែ​ស្នេហា​បរាជ័យ​ ដូច្នេះ​អ្នក​គាំទ្រ​អ្នក​នាង​ភាគ​ច្រើន នៅពេល​ឃើញ​ពី​ទំនាក់ទំនង​ស្នេហា​បើក​ចំហរ​រវាង​អ្នក​នាង​និង​​កំលោះ​សង្ហា​​ ពួក​គេ​បាន​ប្រាថ្នា​នឹង​នាំ​គ្នា​ខមមិន​ សូមឱ្យ​បុរស​ដែល​កំពុង​ក្ដោបបេះដូង​អ្នក​នាង​មាន​ចិត្ត​ស្មោះ​ត្រង់​ ស្រលាញ់ ថ្នាក់ថ្នម​អ្នក​នាង​ កុំ​ឱ្យ​ជួប​រឿង​សោះហ្មង​ដូច​គ្រា​កន្លង​ទៀត​។

ត្បិត​នៅ​មាន​អ្នក​សោកស្ដាយ​ ដែល​ស្វាមី​របស់​អ្នក​នាង​ ទ្រី ដាណា មិន​មែនជា​ BA ជំនិត​ ដែល​ធ្លាប់ត្រូវ​បាន​ហ្វេន​ៗ​ផ្គូរផ្គង​ជាមួយ​គ្នា​ដោយ​មើល​ឃើញ​ពី​ភាព​ស្និទ្ធស្នាល​និង​ស័ក្តិសម​គ្នា​ក្ដី ប៉ុន្តែ​អ្នក​ដែល​ស្រលាញ់​និង​មាន​បំណង​ល្អជាមួយ​នឹង​អ្នក​នាង​ ទ្រី ដាណា សង្ឃឹម​ថា​គូ​គាប់​របស់​អ្នក​នាង​ម្ដង​នេះ​គឺជា​គូ​ពិត ដែល​នឹង​អាច​កាន់ដៃ​គ្នារួម​សុខរួម​ទុក្ខ​​រហូត​ចាស់ព្រឹទ្ធចាស់ព្រេង​រៀងខ្លួន​៕

Share.