នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា «អាស៊ាន» តាមរយៈប្រព័ន្ធអនឡាញ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីវប្បធម៌អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសុន្ទរកថាស្វាគមន៍ អបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាននេះ។

កន្លងមក​ ព្រឹត្តិការណ៍ខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធធ្វើជាញឹកញាប់ទៅតាមពេលវេលា តែក្រោយមានការផ្ទុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងគំហក់នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ ព្រឹត្តិការណ៍ជាច្រើនបានប្តូរសណ្ឋាននៃការរៀបចំ ពីការរៀបចំដោយផ្ទាល់ មកជាការរៀបចំតាមរយៈប្រព័ន្ធវីដេអូ ឬប្រភេទហាយប្រីដ ដែលមានអ្នកអាចចូលរួមដោយផ្ទាល់និងដោយប្រយោលតាមប្រព័ន្ធវីដេអូ ដែលវាជាបរិបទនៃការរៀបចំតាមបែបបទគន្លងប្រក្រតីភាពថ្មី។

នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ ខាង​មុខ​ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគ្រោងនឹងរៀបចំព្រឹត្តិការណ៍ខួបអបអរសាទរនេះ តាមរយៈការថតជាវីដេអូអបអរសាទរ រួចចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ក្នុងស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមមួយចំនួន។

គួរ​ដឹ​ងថា អាស៊ានបង្កើតឡើង គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេស​សមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេស ប្រ៊ុយណេ វៀតណាម  ឡាវ និងមីយ៉ាន់ម៉ា៕

Telegram-Troryorng

Share.