ភ្នំពេញ ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ខណៈដែលកំពុងជិះកង់ឌុបគ្នា២នាក់បងប្អូន រអិលធ្លាក់ចូលក្នុងប្រឡាយទឹក ដែលមានជម្រៅដល់ទៅ១២ម៉ែត្រ លង់លិចបាត់ខ្លួន កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចប្រឡាយ អូរវែង ផ្លូវបេតុង ក្រុម១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច ក្រុមរុករកនិងសង្គ្រោះរបស់កងពលតូចពិសេសឆ័ត្រយោង៩១១ ធ្វើការរាវរាក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល បានរកសាកសពក្មេងប្រុសខាងលើឃើញហើយ ។

ក្មេងប្រុសរងគ្រោះឈ្មោះ សុខ វិច្ឆិកា ហៅប៊ី អាយុ៦ឆ្នាំ មុខរបរសិស្សសាលាពញាក្រែក មានទីលំនៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះ ២នាក់បងប្រុសឈ្មោះ
សុខ វិសាល អាយុ១១ឆ្នាំ ជិះកង់ចេញពីសាលារៀន ពញាក្រែក មិនទាន់ទៅផ្ទះភ្លាមទេ បានជិះកង់ឌុបគ្នាដើរលេងសិន តាមផ្លូវបេតុង៩៩ ដល់ចំណុចកើតហេតុ គេចពីរថយន្តជ្រុលរអិលធ្លាក់ ប្អូនចូលក្នុងប្រឡាយទឹក បណ្តាលឱ្យលង់លិចបាត់ខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ច ក្រុមរុករកនិងសង្គ្រោះអង្គភាពកងពលតូចពិសេសឆ័ត្រយោង៩១១ ចុះរាវរក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែលទើបរកសពឃើញ ប្រគល់ឱ្យសមត្ថកិច្ច ពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅអឭធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.