ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់ជាតិស្រវឹងពេញខ្លួន ជិះម៉ូតូទាំងគ្មានស្មារតី ទៅបុកពីក្រោយរថយន្តPrius កំពុងឈប់ស្តុបទាំងកំរោល បណ្តាលឱ្យដួលបោករងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប ស្ពានអាកាស ខាងលិចផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឌឿក ផល្លី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ18E1 ផ្លូវលេខ៦០៦ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកPrius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4074 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនប្រុសម្នាក់ទៀត ពីកើតទៅលិច ដល់ចំណុចកើតហេតុ ឈប់ភ្លើងស្តុបក្រហម ស្រាប់តែជនរងគ្រោះ ជិះម៉ូតូPCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FE-5010 ពីកើតទៅលិច ទាំងស្រវឹងស្រា មិនបានចាប់ហ្វ្រាំងឈប់ បែបើកបុករថយន្តពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកេតុមាលា ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.