ស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែកប្រពន្ធនិងកូន២នាក់ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនប្រភេទយុីឌុបដឹកថ្ម បើកបុកម៉ូតូកង់បី បើករយ៊ែរថយក្រោយ បណ្តាលឱ្យកង់បី ក្រឡាប់ផ្ងារជើង ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ១ ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបែន យុីឌុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-6869 បានបើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូកង់បី ពណ៌ស កំពុងរយ៊ែរថយក្រោយ ដែលជិះ៤នាក់ ប្តីប្រពន្ធ កូនប្រុសស្រី២នាក់ បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់អ្នកបើកកង់បី ចំណែកប្រពន្ធនិងកូន២នាក់ រងរបួសស្រាល រីឯអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែករថយន្តនិងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.