ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង ត្រូវបានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកជាមួយរុឺម៉កម៉ូតូបើកច្រាសទិស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ប៉ុល សុជាតិ  ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរំដួលត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសបាក់ជើងឆ្វេងខ្ទេច ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-0140 តាមផ្លូវបេតុងពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុជ្រុលបុកគ្នាជាមួយរុឺម៉កម៉ូតូ ដែលបើកច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងឆ្វេងខ្ទេច ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំភាគីសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.