ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃអាទិត្យ សប្ដាហ៍នេះ បានអំពាវនាវឱ្យភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធដោយសង្រ្គាម។ នេះបើយោងតាមការ​ចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។​

ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan បាននិយាយពី «សិទ្ធិមនុស្សធម៌ ច្បាប់មិនមានអនុញ្ញាតឱ្យមានការសង្ស័យទេ» ការលើកឡើងបែបនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់ប្រទេសអ៊ីស្រាអែល និងទៅកាន់តំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអាជ្ញាធរប៉ាឡេស្ទីន​។

លោក Khan បន្ដថា «ជនស៊ីវិលត្រូវតែមានលទ្ធភាពទទួលបានអាហារ ទឹក និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដែលជាតម្រូវការយ៉ាងខ្លាំង ដោយគ្មានការពន្យាពេលបន្ថែមទៀតទេ» ដោយបន្ថែមថា «ក្រុមហាម៉ាសមិនត្រូវប្រើប្រាស់ជំនួយខុសឡើយ»។

ទាក់ទិននឹងបញ្ហានេះ លោក Khan បានផ្តល់ជំនួយដល់តុលាការអ៊ីស្រាអែលក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយក្រុមហាម៉ាសអំឡុង ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៧ ខែតុលា ទោះបីជាប្រទេសនេះ មិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ហើយមិនទទួលស្គាល់យុត្តាធិការរបស់ខ្លួនក៏ដោយ។

លោក Khan បាននិយាយថា «ការវាយប្រហារលើជនស៊ីវិលអ៊ីស្រាអែលស្លូតត្រង់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនសិការរបស់មនុស្សជាតិដ៏ធ្ងន់ធ្ងរ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយលើបញ្ហានេះ»។ ប៉ុន្តែលោក Khan ក៏បានអំពាវនាវឱ្យអ៊ីស្រាអែល ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្ស លើភាគីទាំងសងខាងកើតឡើង ចាប់តាំងពីក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានវាយលុកចូលអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ខណៈអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានលើកឡើងថា ក្រោយមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការលុកលុយដោយរថក្រោះ និងកងទ័ពជើងគោក នៅក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង ១៥,០០០នាក់ វិញជាការឆ្លើយតបផងដែរ។

យ៉ាងណាម៉ិញ ភាគីទាំង២ បានយល់ព្រមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៧ថ្ងៃ ដើម្បីដោះដូរចំណាប់ខ្មាំង និងអ្នកទោសទៅវិញទៅមក រួមទាំងអនុញ្ញាត្តឱ្យជំនួយមនុស្សធម៌ហូរចូលទៅក្នុងតំបន់រងគ្រោះផងដែរ ប៉ុន្ដែបទឈប់បាញ់នេះមិនមានរយៈពេលវែងបន្ដទៀតទេ ព្រោះតែភាគីសងខាងចោទប្រកាន់គ្នាថា បានល្មើសនឹងកិច្ចព្រមព្រៀង ហើយមិនបានប្រកាសបន្ដបទឈប់បាញ់ទៀតទេ៕

ប្រភព៖ CNA

Share.