បាត់ដំបង៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះកម្លាំងនគរបាលការិយាល័យជំនាញនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងមូលដ្ឋានបានចុះស្រាវជ្រាវ រហូតកំំណត់មុខសញ្ញាឃាត់ខ្លួនជនដៃដល់ម្នាក់នៅត្រង់ចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយរកឃើញថាបានសម្លាប់ជនរងគ្រោះដោយសារតែគំនុំរឿងលួចឆក់ត្រីក្នុងស្រះក្រោយផ្ទះខ្លួន។

ជនសង្ស័យមានឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយមកបានមកស្នាក់នៅធ្វើស្រែនៅត្រង់ចំ ណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានរៀបរាបថា មុនពេលបង្កហេតុកាលពីថ្ងៃទី៣ ខែធ្នូ ខ្លួនបានធ្វើសកម្មភាពលួចវាយដោយពូថៅ និងដំបងសំពងទៅលើជនរងគ្រោះផ្ទួនៗ ជាច្រើនកន្លែងរហូតដល់ស្លាប់រួចបានអូសយកទៅទម្លាក់ ចោលនៅក្បែរគុម្ពោតព្រៃមួយកន្លែង ព្រោះតែខឹងជនរងគ្រោះកន្លងមកបានទៅលួចឆក់ត្រីក្នុងស្រះរបស់ខ្លួនឋិតនៅខាងក្រោយផ្ទះជាបន្តបន្ទាប់។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះសួន ហ៊ីង ភេទប្រុស អាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ ០២ ស្រុកបាណន់ ខេត្តបាត់ដំបង បានដេកស្លាប់នៅក្នុងគុម្ពោតព្រៃស្ថិត នៅវាលស្រែភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់។ ដោយបានចេញពីផ្ទះទៅបូមទឹកដាក់ ស្រែតាំងពីយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២ ០២៣ ហេីយបាត់ដំណឹងរហូត ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ករណីប្រទះឃើញសពជនរងគ្រោះដេកស្លាប់នៅគម្ពត់ព្រៃរួចមក កម្លាំងជំនាញបានចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងកេីតហេតុ ដោយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ទេីបបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុ ពូថៅ០១ដើម, ដំបងឈើ០១កំណាត់, ពិលពាក់ក្បាល០១ និងខោជើងវែងពណ៌ ខ្មៅស្លៀកធ្វើសកម្មភាព០១ផងដែរ។

បច្ចុប្បន្ន នគរបាលអធិការស្រុកបាណន់កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ក៏ដូចជាវត្ថុតាងទៅកាន់ផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ ដំបងក្រញូង

Share.