អឺរ៉ុបបានប្រកាសពីផែនការបញ្ឈប់ការលក់យានយន្ត ដែលបំពុលបរិស្ថាននៅត្រឹមឆ្នាំ ២០៣៥ ខាងមុខ ដែលជាគោលដៅដ៏អស្ចារ្យមួយឈានទៅប្រើប្រាស់រថយន្តអគ្គិសនី និងបញ្ឈប់ការបំភាយឧស្ម័នចេញពីយានយន្ត។ គណៈកម្មការសហភាពអឺរ៉ុបបាននិយាយថា ខ្លួនចង់តម្រូវឲ្យឧស្សាហកម្មរថយន្តកាត់បន្ថយការបញ្ចេញរថយន្តថ្មីៗដែលប្រើប្រេងសាំងជាមធ្យម ៥៥% ត្រឹមឆ្នាំ ២០៣០ ។

គោលដៅថ្មីឆ្នាំ ២០៣០ នឹងក្លាយជាការផ្លាស់ប្ដូរយ៉ាងសំខាន់ពីគោលដៅបច្ចុប្បន្ន របស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយការបំភាយឧស្ម័នចេញពីរថយន្តថ្មី ៣៧.៥%ដែលត្រូវបានកំណត់ត្រឹមខែធ្នូឆ្នាំ ២០១៨ ។ នេះគឺជាគោលបំណងជំរុញឲ្យសហភាពអ៊ឺរ៉ុបឆ្ពោះទៅរកគោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចប់យ៉ាងតិច ៥៥% ត្រឹមឆ្នាំ ២០៣០ បើប្រៀបធៀបទៅនឹងឆ្នាំ ១៩៩០ ។ អឺរ៉ុបចង់ក្លាយជាទ្វីបទី១ដែលមានអាកាសធាតុបរិសុទ្ធនៅឆ្នាំ ២០៥០ ។

ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោក Ursula von der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ សេដ្ឋកិច្ចឥន្ធនៈហ្វូស៊ីលបានឈានដល់កម្រិតកំណត់ហើយ។

ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី គណៈកម្មការបាននិយាយថាខ្លួននឹងតម្រូវឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ពង្រីកកន្លែងសាកថ្មថាមពលរថយន្តអគ្គិសនី។ ចំណុចបញ្ចូលភ្លើងនឹងត្រូវតំឡើងរៀងរាល់ ៦០ គីឡូម៉ែត្រ នៅលើផ្លូវធំៗ ហើយអត្រាពន្ធអប្បបរមា សម្រាប់ប្រេងសាំង និងប្រេងម៉ាស៊ូតនឹងត្រូវដំឡើងថ្លៃ។

ស្របពេលជាមួយគ្នា ក្រុមហ៊ុន ផលិតរថយន្ដទំនើបៗជាច្រើនបានចេញមកបញ្ជាក់ថា ក្រុមហ៊ុនចង់ឲ្យមានការផលិតរថយន្តអគ្គិសនីចំនួន ៥០% នៃការលក់របស់ខ្លួននៅត្រឹមឆ្នាំ ២០៣០។

ទោះជាយ៉ាងណាក្រុមហ៊ុនផលិតរថយន្តជាច្រើននឹងត្រូវពន្លឿនផែនការផលិតរបស់ពួកគេដើម្បីបំពេញតាមគោលដៅរបស់សហភាពអ៊ឺរ៉ុប៕

ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.