ត្បូងឃ្មុំ៖ កសិករក្នុងខេត្តត្បូងឃ្មុំ បានងាកទៅដាំដំណាំកៅស៊ូ ដោយសារដំណាំនេះ ងាយដាំ ស្រួលថែទាំ ចំណាយដើមទុនតិចល្មម ហើយឱ្យផលក៏សមរម្យ នឹងមានទីផ្សារស្រួលលក់ ជ័រវាក៏មានទីផ្សារ ដើមក៏មានទីផ្សារផងដែរ។ ជាពិសេសកាដាំដំណាំកៅស៊ូក្នុង១ហិចតា ពួកគាត់អាចទទួលបានទឹកប្រាក់មិនក្រោម ៣ ០០០ដុល្លារ នោះទេ ក្នុងរយៈពេល១ឆ្នាំ។

តាមលោក យិន សុភាន់ ជាកសិកររស់នៅភូមិថ្មដារ ឃុំព្រះធាតុ ស្រុកអូររាំងឪ បានប្រាប់ឱ្យដឹងដែរថា ការដាំដំណាំកៅស៊ូក្នុង១ហិចតា កសិករត្រូវចំណាយដើមទុនអស់ជិត១ម៉ឺនដុល្លារ ។ ដោយយើងត្រូវចំណាយពេល៦ឆ្នាំ ទើបកៅស៊ូឱ្យផល ដោយក្នុងមួយហិចតា បានប្រាក់ចំនួន៣ពាន់ដុល្លារ តាមហាងឆេងទីផ្សារសព្វថ្ងៃ ដោយជ័រកៅស៊ូស្ងួត ឬកៅស៊ូក្រែប ក្នុង១គីឡូក្រាមតម្លៃជិត៤ពាន់រៀល ។ ចំពោះអាយុកាលរបស់វាគឺរហូតដល់អាយុ ៣០ឆ្នាំឯណោះទើបវាលែងឱ្យផល ហើយកសិករអាចលក់ដើមវាបានទៀត ។ បច្ចុប្បន្ន គ្រួសារគាត់មានចំការកៅស៊ូ តែ៤ហិចតាទេ ដោយក្នុង១ឆ្នាំ លោកអាចទទួលផលបានជាង ១ម៉ឺនដុល្លារដែរ កសិករដាំដំណាំកៅស៊ូ សុទ្ធតែទទួលបានជីវភាពធូរធារប្រសើរឡើងជាលំដាប់។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ដំណាំកៅស៊ូផ្តល់សារៈសំខាន់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមដូចជា វាបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ប្រាក់ចំណូលដល់ខឿនសេដ្ឋកិច្ចជាតិ និងសង្គមគ្រួសារ បង្កេីនការងារនៅមូលដ្ឋាន និងទប់ស្កាត់ការធ្វេីចំណាកស្រុក និងបានរួមចំណែកការពារបរិស្ថាន ទប់ទល់នឹងភាពក្តៅខ្លាំងនៃអាកាសធាតុ ការហូរច្រោះដី និងបង្កេីតជាគម្របបៃតង ជំនួសព្រៃឈេីដែលរិចរិល និងផ្តល់ឈេីសម្រាប់ប្រេីប្រាស់ និងធ្វេីអុស ដែលអាចកាត់បន្ថយការកាប់ព្រៃឈេីបាន។

ចំពោះខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំកៅស៊ូ ជិត៩ម៉ឺនហិចតា កៅស៊ូលក្ខណៈគ្រួសារមានចំនួនជិត៥,២ម៉ឺនហិចតា ក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម និងក្រុមហ៊ុនចម្ការកៅស៊ូដីសម្បទានសេដ្ឋកិច្ច ចំនួនជាង៣ម៉ឺនហិចតា សរុបទាំងអស់ជិត៩ម៉ឺនហិចតា ។ ដំណាំកៅស៊ូមិនសូវរើសដីទេ ដីក្រហម ដីខ្មៅ និងដីស ក៏ដាំបានដែរគ្រាន់តែ ដីក្រហមឲ្យផលជាងគេ សព្វថ្ងៃនេះ កសិករយើងពួកគាត់និយមដាំកៅស៊ូ ដូចជាពូជប្រភេទ PB 260 .IBCA 130 .IACA 230 .PA 107 .BBIM 600 .PB314 ជាពូជដែលឲ្យជ័រច្រើន។

លោកប្រធានបានបញ្ជាក់ទៀតថា កសិករខេត្តត្បូងឃ្មុំបានដាំដំណាំកៅស៊ូ ទាំង៧ស្រុក/ក្រុង ហើយក្នុងនោះដែរ ស្រុកដែលដាំកៅស៊ូច្រើនជាងគេ គឺស្រុកមេមត់។

បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និងផលិត ផលធ្វើអំពីកៅស៊ូរបស់កម្ពុជា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ ទទួលបានចំណូលជាង ៣២០ លានដុល្លារសហរដ្ឋអាមេរិក មានកំណើនប្រមាណជាង ៤២.១ ភាគរយៈ បើធៀនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមក។ ចំណែកទីផ្សារ​សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម៕

អត្ថបទ៖ សាន វីឡែម

Share.