ភ្នំពេញ ៖ ចាប់ផ្តើម​នៅ​ឆ្នាំ២០១៦ យុវ​និស្សិត​ពេទ្យ​ម្នាក់ បាន​ណែនាំ​នូវ​ម៉ាស៊ីនបូមទឹក​ដោះ ដល់​អតិថិជន​ជា​ម្តាយ​ជាច្រើន​ពាន់​នាក់​នៅ​ប្រទេស​កម្ពុជា​តាមរយះ​ហ្វេ​ស​ប៊ុ​ក​ផេ​ក 1990 Online Clinic។ មកដល់​សព្វថ្ងៃ លោក​វេជ្ជបណ្ឌិត​បានរៀបចំ​សេវា​ប្រឹក្សា​ផ្នែក​ទឹកដោះ​ម្តាយ ដែល​អាចជួយ​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន និង​ស្ត្រី​ដែល​កំពុង​បូមទឹក​ដោះ នូវ​ដំណោះស្រាយផ្សេងៗដែល​ត្រឹមត្រូវ ដែល​អាច​ធានា​ឱ្យ​ស្ត្រី​ដែលជា​អតិថិជន​អាចមាន​លទ្ធភាព​ផលិត​ទឹកដោះ​ឱ្យ​កូនបៅ​បាន​រយៈពេល១ឆ្នាំ​ពេញ។

លោក​វេជ្ជបណ្ឌិត យី រ៉ាស៊ី បាន​លើកឡើងថា ស្ត្រី​ខ្មែរ​ភាគច្រើន​បច្ចុប្បន្ន ជា​មាតា​ដែល​រវល់​ការងារ និង​ភាគច្រើន​ជួប​បញ្ហា​កង្វះ​ទឹកដោះ​ឱ្យ​កូនបៅ មិន​គ្រប់គ្រាន់។ ភាគច្រើន​ការ​បំបៅ​លាយ​ម្ស៉ៅ​ដោះ​គោ​តាំង​ពីថ្ងៃ​សម្រាល ហើយ​ចុងក្រោយ​បោះបង់​ការចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ ដោយសារ​ទឹកដោះ​អត់​ចេញ បូមទឹក​ដោះ​បាន​តិច ម្តាយ​បាក់​ទឹកចិត្ត មិនមាន​អ្នក​ប្រឹក្សា​ដំណោះស្រាយ​ត្រឹមត្រូវ។ ម្តាយ​ភាគតិច​ណាស់ ដែល​អាច​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​បាន​រយះពេល៦ខែ នៃ​ជីវិត​របស់​បុត្រ​របស់​ពួកគេ។ តាម​ស្ថិតិ​របស់ Cambodia Demographic and Health Survey ដែល​បាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់ UNICEF បានបញ្ជាក់​ថា​នៅ​ឆ្នាំ២០២១ ចំនួន​ស្ត្រី​ខ្មែរ​ដែល​បំបៅ​ដោះ​កូន​បាន​ដល់​អាយុ៥ខែ មាន​ត្រឹមតែ 51%ប៉ុណ្ណោះ។

អស់​រយៈពេល៦ឆ្នាំនេះ លោក​វេជ្ជបណ្ឌិត​បា​នប​ណ្តុះ​បណ្តាល​ភ្នាក់ងារ​ប្រឹក្សា​ផ្នែក​ទឹកដោះ​ម្តាយ និង​បាន​ជួយ​ស្ត្រី​ជា​មាតា​ជាច្រើន​នាក់​អោយ​អាច​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ។ អតិថិជន​ដែលជា​មាតា បើ​ទោះ​រវល់​ការងារ​ក្រោយពេល​ចប់​មាតុភាព ៣ខែ ក៏​អាច​បន្ត​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​បន្តទៀត​បាន។ អតិថិជន​របស់លោក​វេជ្ជបណ្ឌិត​ភាគច្រើន​ទៀត សុទ្ធតែជា​មាតា​ដែលមាន​បញ្ហា​កង្វះ​ទឹកដោះ​ក្រោយ​សម្រាល តែ​ក្រោយ​បានទទួល​សេវា​ប្រឹក្សា​ផ្នែក​ទឹកដោះ​ម្តាយ ពួកគេ​ក៏បាន​ការប្រឹក្សា​យ៉ាង​ដិតដល់​ជា​រៀងរាល់ថ្ងៃ រាល់​អាទិត្យ និង​រាល់​ខែ។

ជា​លទ្ធផល ពួកគេ​អាចមាន​ទឹកដោះ​គ្រប់គ្រាន់​អោយ​កូន​មឹ​ម​បានគ្រប់ៗគ្នា ព្រមទាំង​មាន​ទឹកដោះ​ស្តុក​បង្កក​ជាច្រើន ដែល​អាចអោយ​ពួកគេ​ទៅធ្វើ​ការចាកចេញ​ពី​កូន​បាន តែ​កូន​នៅតែមាន​ទឹកដោះ​ម្តាយ​មឹ​ម​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ។ មតិ​របស់​អតិថិជន​លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​លើកឡើងថា កូន​គាត់​ពីរ​នាក់​ដំបូង​ដែល​អត់​បាន​មឹ​ម​ទឹកដោះ​ម្តាយ សុខភាព​មិនល្អ​ទេ ឆាប់​ឈឺ ងាយ​ឆ្លង​ជំងឺ តែ​កូន​ទី៣ដែល​បាន​មឹ​ម​ទឹកដោះ​ម្តាយ​គ្រប់គ្រាន់ គឺ​សុខ​ភាពល្អ​ណាស់ មិន​ងាយ​ឈឺ​ធ្ងន់​ទេ ត្រឹម​ក្តៅខ្លួន ឬ​ផ្តាស​សាយ​តិចតួច តែ​អាចជា​វិញ​បាន​ដោយ​មិនបាច់​យកទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេ។

លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ក្រុមការងារ​របស់​ត្រ​យ៉ង​ថា ចក្ខុវិស័យ​របស់​ស្ថាប័ន​របស់លោក គឺ​ចង់ឃើញ​ស្ត្រី​ខ្មែរ​គ្រប់រូប​អាច​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​បានគ្រប់ៗគ្នា បើ​ទោះ​ក្នុង​លក្ខខណ្ឌ​លំបាក​ណាមួយ​ក៏ដោយ ក៏​ក្រុមការងារ​អ្នក​ប្រឹក្សា​ផ្នែក​ទឹកដោះ​ម្តាយ​អាចជួយ​មាតា​គ្រប់រូប​បាន។ សម្រាប់​មាតា​ត្រៀម​សម្រាល​ទាំងអស់ លោក​វេជ្ជបណ្ឌិត​សូម​ណែ​នាំអោយ​ពួកគាត់​គិតគូរ​បន្ថែម​ពី​ការត្រៀមខ្លួន​ក្នុងការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ ពីព្រោះ​វា​ពិតជា​មានការ​លំបាក​ខ្លាំងណាស់​សម្រាប់​ស្ត្រី​ក្នុង​ការផលិត​ទឹកដោះ​ក្រោយ​សម្រាល។ ការត្រៀមខ្លួន​ទុកជាមុន និង​ការ​មករក​ដំណោះស្រាយ​ផ្នែក​ទឹកដោះ​នៅ​សេវា​ប្រឹក្សា​ផ្នែក​ទឹកដោះ​គឺជា​ដំណោះស្រាយ​តែមួយគត់​ដែល​ធានា​ជូន​មាតា​គ្រប់រូប​អោយ​អាច​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​បាន៕

Share.