ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នរះថា កម្ពុជានឹងចាប់ផ្តើមចុះត្រជាក់ខ្លាំងជាពិសេសពេលព្រឹកព្រលឹម រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

តាមការជួនដំណឹងរបស់ក្រសួងបានឱ្យដឹងថា៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី២៤ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិន ចុះត្រជាក់ដល់សីតុណ្ហភាពអប្បបរមាពី១៥ ទៅ១៦អង្សាសេ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី១៧ ទៅ១៩អង្សាសេ។ រីឯនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី២០ ទៅ២៣អង្សាសេ។

ដោយឡែក នៅលើផ្ទៃសមុទ្ទមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពីចន្លោះ៧ទៅ៩ម៉ែត្រក្នុង១វិនាទី មានរលកសមុទ្ទកម្ពស់ពី១,៥០ ទៅ២,០០ម៉ែត្រផងដែរ។ អាស្រ័យដូចបានជម្រាបជូនសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ដើម្បីថែរក្សាសុខភាព ក៏ដូចជាត្រៀម សម្លៀកបំពាក់ក្រាសៗ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សង្គម

Share.