ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះករណីពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានប៉ះពាក្យសម្ដីគ្នាជាមួយមន្ត្រីកិច្ចសន្យាផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្បែរកន្លែងលក់ទឹកអំពៅ នៃគោលដៅចរាចរណ៍ កាំកូសុីធី កាលពីវេលាម៉ោង៣ និង៣៨នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការបញ្ជាក់ពីអ្នកនាំពាក្យរងរូបនេះ បានធ្វើឡើងបន្ទាប់ពីមានករណីផ្សព្វផ្សាយព័ត៌មានមួយក្នុងន័យស្នើសុំ អគ្គស្នងការដ្ឋាននគរបាលជាតិ «ពិនិត្យមើលបុគ្គលម្នាក់ថាជាមន្ត្រីនគរបាល ឬជាអ្វីឱ្យប្រាកដ? ដោយសំអាងថាបុគ្គលនោះគ្មានឯកសណ្ឋានត្រឹមត្រូវ ពួនស្ទាក់ចាំបោះដៃតាមវិទ្យុទាក់ទង និងថាបុគ្គលនោះមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ ថែមទាំងប្រើពាក្យសំដី និងអកប្បកិរិយា(មិនសមរម្យ)មកលើប្រជាពលរដ្ឋ។

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ជាបឋមនេះ ក្រសួងមហាផ្ទៃបានទទួលរបាយការណ៍ ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវថាតាមពិតបុគ្គលដែលរងការចោទនោះមិនមែនជាមន្ត្រីនគរបាលចរាចរណ៍ទេ ប៉ុន្តែជាមន្ត្រីជាប់កិច្ចសន្យាឈរជើងនៅគោលដៅកាំកូស៊ីធី ដែលបានទៅអង្គុយសម្រាកទិញទឹកអំពៅទទួលទាន បន្ទាប់ពីហត់នឿយ ផុតវេន និងចប់ម៉ោងរដ្ឋបាល ពីការសម្រួលចរាចរណ៍នៅក្បែរនោះ។

បើតាមរបាយការណ៍ដដែល ពេលនោះ ក៏មានអ្នកបើកបរម៉ូតូ២នាក់ (ស្រីនិងប្រុស) បានថតរូបភាពមន្ត្រីកិច្ចសន្យា(វីដេអូទី១) ទាំងដែលមន្ត្រីនោះមិនមានកាន់វិទ្យុទាក់ទងបោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ដូចការចោទប្រកាន់ ហើយមន្ត្រីនោះក៏សួរទៅអ្នកបើកបរម៉ូតូរកមូលហេតុនៃការថតរូប ដោយខាងភាគីម៉ូតូបានឆ្លើយថា «ថតលោកឯងអត់បានមែន?» រួចក៏មានការប៉ះពាក្យសម្តីគ្នាទៅវិញទៅមក។ 

ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តី ក្រសួងមហាផ្ទៃ បានទទួលការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកថា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី បានកោះហៅមន្ត្រីជាប់កិច្ចសន្យារូបនោះ មកសាកសួរ និងធ្វើការអប់រំណែនាំទាំងការប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាននោះហើយ។ 

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថាទន្ទឹមនឹងការអនុវត្តវិធានការលើមន្រ្តីកិច្ចសន្យាដែលរងការចោទថាប្រើពាក្យសម្ដីមិនសមរម្យលើពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាននោះ ក្រសួងមហាផ្ទៃក៏កំពុងពិនិត្យមើលផ្លូវច្បាប់ដើម្បីការពារភាពត្រឹមត្រូវនៃមន្ត្រី ដែលរងការបំពាន«សិទ្ធិរូបភាព» និងរងការចោទប្រកាន់ដែលធ្វើឱ្យសាធារណជនមានការភន្តច្រឡំជាអវិជ្ជមានមកលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកិច្ចសន្យាដែរ។

លោកបណ្ឌិតបានបញ្ជាក់ក្នុងន័យដើមថា «ទីមួយមន្រ្តីកិច្ចសន្យាផ្នែកចរាចរណ៍នោះ បានផុតម៉ោងការងារ ដែលអាចគ្រងឯកសណ្ឋានស៊ីវិលដោយស្របច្បាប់។ ទីពីរ ពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកកាសែតនោះបានសហការគ្នាជាមួយដៃគូដើម្បីថតរូបភាពមន្ត្រីកិច្ចសន្យានោះទាំងដែលគ្នាគ្មានកំហុសអ្វីសោះ។ ទីបី ការយករូបភាពវីដេអូនោះមកបង្ហោះជាសាធារណៈដោយភ្ជាប់នឹងការចោទប្រកាន់ខុសពីការពិត។ ដូច្នេះ យើងក៏ត្រូវការពារភាពត្រឹមត្រូវរបស់មន្រ្តីកិច្ចសន្យាផ្នែកចរាចរណ៍នោះ»។

លោកបន្តថា «ពាក់ព័ន្ធនឹងសិទ្ធិរូបភាព ក្រមរដ្ឋប្បវេណីក៏មានចែង ហើយក្រមព្រហ្មទណ្ឌក៏មានចែងការពារដូចគ្នាដែរ។ នេះមិនគិតដល់ករណីញុះញង់ឱ្យមានការរើសអើង និងការចោទប្រកាន់ខុសការពិត ឬបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលថាមន្រ្តីនោះប៉ុនប៉ងបង្កអំពើហិង្សាទាំងដែលក្នុងវីដេអូដែលគេបានថតនោះ មិនមានចំណុចបញ្ជាក់សោះ ក្រៅតែពីសកម្មភាពនិយាយប៉ះសម្ដីគ្នាដែលតែងតែកើតមានជាធម្មតា នៅពេលភាគីម្ខាងៗប្រឈមមុខដាក់គ្នា តួយ៉ាងនៅពេលមន្រ្តីកិច្ចសន្យានោះត្រូវគេបំពានដោយការថតរូប»

យ៉ាងណាក៏ដោយ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រសួងមហាផ្ទៃគ្មានបំណងដើម្បីចាត់វិធានការច្បាប់លើពលរដ្ឋដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាននោះទេ ដោយគ្រាន់តែចង់ឆ្លើយតបជូនសាធារណមតិដែលមានមន្ទិលលើករណីនេះ និងដើម្បីការពារភាពត្រឹមត្រូវទាំងសងខាងក្នុងន័យស្ថាបនា និងថាដើម្បីជម្រះមន្ទិលលើករណីនេះ សមត្ថកិច្ចក៏អាចមានសិទ្ធិដើម្បីស្វែងរក និងកោះអញ្ជើញភាគីដែលអះអាងថាខ្លួនជាអ្នកកាសែតនោះមកបំភ្លឺបានដែរ។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ មានមន្ត្រីកិច្ចសន្យាជួយសម្រួលចរាចរណ៍ប្រមាណ៣០០នាក់ ដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្ស ក្នុងស្ថានភាពដែលរាជធានីកំពុងប្រឈមនឹងកំណើនយានយន្តធ្វើឱ្យមានការកកស្ទះចរាចរណ៍។ មន្រ្តីទាំងនេះមិនមានសិទ្ធិឃាត់ ឬចាប់អ្នកល្មើសច្បាប់ចរាចរណ៍នោះទេ បើគ្មានបញ្ជាពីនគរបាលចរាចរណ៍។

មន្ត្រីជាប់កិច្ចសន្យាមានតាំងពីអាណត្តិមុនៗ តែដើម្បីកុំឱ្យមានការយល់ច្រឡំរវាងមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីកិច្ចសន្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរៀបចំឯកសណ្ឋានថ្មីដល់មន្រ្តីកិច្ចសន្យាឱ្យខុសពីមន្ត្រីនគរបាលចរាចរណ៍ ដូចដែលមហាជនបានឃើញ អាវពណ៌លឿងឬខ្លាញ់ក្ដាម និងខោពណ៌ខៀវខ្ចីសព្វថ្ងៃនេះ៕

Share.