ខ្សែ​ប្រយុទ្ធ​ជនជាតិ​កាណាដា កីឡាករ Marcus Haber កំពុង​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់​វិសាខា បាន​សម្ដែង​ការ​អបអរសាទរ​ និង​មាន​មោទនភាព​ខ្លាំង ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ របស់​ប្រទេស​ខ្លួន​ ដែល​ដណ្ដើម​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ ឆ្នាំ២០២០ ក្នុង​ប្រទេសជប៉ុន កាល​ពី​ថ្មីៗ​នេះ។

នៅ​លើ​កម្មវិធី​ទូរសព្ទដៃ (App) របស់​ក្លិប​វិសាខា កីឡាករ Marcus បាន​និយាយ​ថា៖«ខ្ញុំពិត​ជា​មាន​មោទនភាព ក្នុង​នាម​ជា​ជនជាតិ​កាណាដា ហើយ​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​បាន​ឃើញ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កាណាដា ដណ្ដើម​បាន​សមិទ្ធផល​ដ៏​ធំ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ​ ក្នុង​ការ​ដណ្ដើម​បានមេដាយ​មាស​កីឡាអូឡាំពិក។ ពួក​គាត់​បាន​បង្កើត​ប្រវត្តិសាស្ដ្រ​ថ្មី​ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា ពួក​គាត់​ជា​ជើង​ឯក​ជា​រៀង​រហូត»។

អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កាណាដា ផ្នែក​បុរស​រូប​នេះ​បន្ថែម​ថា៖«បច្ចុប្បន្ន​វិស័យ​កីឡា​បាល់ទាត់​កាដាណា មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ទាំង​បាល់ទាត់​បុរស និងនារី ហើយ​ក្រុម​ទាំង​ពីរ​ សុទ្ធ​តែ​មាន​កីឡាករ-កីឡាកា​រិនី​ល្អៗ កំពុង​លេង​តាម​លីគ​កំពូល​លើ​​ពិភពលោក​។ ​កីឡាករ​ទាំង​អស់​គ្នា ពិត​ជា​ជឿ​ថា ពួក​គាត់​អាច​សម្រេច​សមិទ្ធផល​បាន ។ ដូច្នេះខ្ញុំជឿជាក់ថា​ អនាគត​បាល់ទាត់​របស់​កាណាដា គឺ​ភ្លឺ​ស្វាង​មែន​ទែន»។

ក្រុម​បាល់ទាត់ជម្រើសជាតិនារី កាណាដា បាន​ឈ្នះ​មេដាយ​មាស​ប្រភេទ​កីឡា​បាល់ទាត់​នារី បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​ស៊ុយអែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី ៣-២ បន្ទាប់​ពី​ប្រកួត ៩០នាទី​ស្មើគ្នា ១-១ ហើយ​បាន​រក្សា​លទ្ធផល​ស្មើ​គ្នា​នេះ ​រហូត​ចប់​ម៉ោង​បន្ថែម​១៥នាទី ២ដង ។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ ទី៨ ខែ​សីហា ឆ្នាំ​២០២១ នេះ​​ប្រទេសកាណាដា បាន​ឈរ​លេខរៀងទី១១ ក្នុង​តារាង​ចំណាត់​ថ្នាក់​ប្រទេស​ដែល​ឈ្នះ​​មេដាយ បាន​ច្រើន​ជាង​គេ ក្រោយ​ដណ្ដើម​បាន​មេដាយ​សរុប ២៤គ្រឿង​ រួម​មាន​មេដាយ​មាស ៧ ប្រាក់ ៦ និង​សំរឹទ្ធ ១១៕

Telegram-Troryorng
Share.