ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃពុធថា ការនាំចេញប្រេងរបស់រុស្ស៊ីស្ទើរតែទាំងអស់ក្នុងឆ្នាំនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន និងឥណ្ឌា បន្ទាប់ពីទីក្រុងម៉ូស្គូ បានឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដោយផ្លាស់ប្តូរការផ្គត់ផ្គង់យ៉ាងឆាប់រហ័សចេញពីតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Times of India នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

លោក Novak ដែលទទួលបន្ទុកគោលនយោបាយថាមពលរបស់ប្រទេសនេះ បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya-24 ថា «ប្រទេសរុស្ស៊ីបានគេចផុតពីទណ្ឌកម្មដោយជោគជ័យ ចំពោះការដាក់ទណ្ឌកម្មលើការរឹតត្បិតការនាំចេញប្រេងរបស់ខ្លួន និងបង្វែរលំហូរពីអឺរ៉ុបទៅកាន់ប្រទេសចិន និងឥណ្ឌាវិញ។ រុស្ស៊ីបានចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក រួចហើយ មុនពេលលោកខាងលិច ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២»។

លោក Novak បាននិយាយថា «កន្លងមក យើងបានផ្គត់ផ្គង់ប្រេងសរុបពី ៤០ភាគរយទៅ ៤៥ភាគរយ នៃផលិតផលប្រេងទៅកាន់អឺរ៉ុប។ ឆ្នាំនេះ យើងរំពឹងថា តួលេខនេះ នឹងមិនលើសពី៤ ទៅ៥ភាគរយនៃការនាំចេញសរុបទេ»។

លោកបន្ដថា ដៃគូសំខាន់របស់យើងនាបច្ចុប្បន្ននេះ គឺ ប្រទេសចិន ដែលមានចំណែកនៃការនាំចេញប្រេង បានកើនឡើងដល់ ៤៥ភាគរយ ទៅ៥០ភាគរយ ហើយជាការពិត ឥណ្ឌា បានក្លាយជាដៃគូសំខាន់របស់យើងក្នុងស្ថានភាពបច្ចុប្បន្ន ដែលមានចំណែកដល់ទៅ ៤០ភាគរយ។

និយាយអំពីក្រុម OPEC+ នៃអ្នកផលិតប្រេងឈានមុខគេនោះ លោក Novak បាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន លើការកាត់បន្ថយការផ្គត់ផ្គង់ ហើយបានឃើញតម្លៃប្រេង Brent ពី៨០ ទៅ ៨៥ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ ដែលមានលក្ខណៈទូលំទូលាយស្របតាមកម្រិតបច្ចុប្បន្ន។

ទាក់ទិននឹងបញ្ហានេះ សហរដ្ឋអាមេរិកកាលពីខែមុន ក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងគម្រោង Arctic LNG 2 ដែលជាគម្រោងឧស្ម័នធម្មជាតិរាវដែលដឹកនាំដោយក្រុមហ៊ុនរុស្ស៊ី Novatek ផងដែរ។

កាសែត Kommersant បានរាយការណ៍កាលពីថ្ងៃចន្ទថា ដោយខ្លាចមានប្រតិកម្មតបតពីទណ្ឌកម្ម ភាគទុនិកបរទេសបានផ្អាកការចូលរួមនៅក្នុងគម្រោងនេះ ដោយបោះបង់ការទទួលខុសត្រូវរបស់ពួកគេ សម្រាប់ការផ្តល់ហិរញ្ញប្បទាន និងសម្រាប់កិច្ចសន្យាផ្តាច់មុខសម្រាប់រោងចក្រនេះ៕

ប្រភព៖ The Times of India

Share.