យោងអ្នកជំនាញនៅទីភ្នាក់ងារទេសចរណ៍របស់ចក្រភពអង់គ្លេស Planet Cruise បានវិភាគទិន្នន័យរបស់ TripAdvisor ដើម្បីស្វែងរកទីតាំងមើលថ្ងៃរះ និងថ្ងៃលិច ល្អបំផុតជុំវិញពិភពលោកនោះបានឱ្យដឹងថា មានទីតាំងដ៏អស្ចារ្យចំនួន១០ មកបង្ហាញ ក្នុងនោះប្រទេសកម្ពុជា ក៏ជាប់ក្នុងបញ្ជីឈ្មោះទីកន្លែងសំខាន់ៗ នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Forbes។

ខាងក្រោមនេះ គឺជាកន្លែងមើលថ្ងៃរះដ៏ល្អបំផុតទាំង១០ ក្នុងពិភពលោក៖

១) Grand Canyon រដ្ឋ Arizona សហរដ្ឋអាមេរិក
២) Taj Mahal ប្រទេសឥណ្ឌា
៣) ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
៤) Haleakala National Park នៅហាវ៉ៃ
៥) ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី
៦) ​ប៉ម Eiffel Tower ប្រទេសបារាំង
៧) Mount Sinai ប្រទេសអេហ្ស៊ីប
៨) Stonehenge, Wiltshire, ចក្រភពអង់គ្លេស
៩) Mount Kilimanjaro, Tanzania
១០) ប្រាសាទ Tanah Lot, Bali, ប្រទេសឥណ្ឌូនេស៊ី។

ថ្ងៃនេះ សារព័ត៌មានត្រយងសូមលើកយកតំបន់ដ៏ស្រស់ស្អាតចំនួន៥ មកផ្សព្វផ្សាយជូនប្រិយ៍មិត្ត៖

  • សម្រាប់ឆ្នាំ២០២៣នេះ កន្លែងទី១ ដ៏ល្អបំផុតនៅក្នុងពិភពលោក ដើម្បីទស្សនាសម្រស់ថ្ងៃរះ និងថ្ងៃលិច គឺនៅឧទ្យានជាតិ Grand Canyon រដ្ឋ Arizona សហរដ្ឋអាមេរិក អមដោយទេសភាព ច្រាំងថ្មចោទ និងបឹងដ៏ស្រស់បំព្រងរបស់វា នៅពេលដែលថ្ងៃរះ និងលិច តំបន់នេះនឹងប្រែក្លាយជាពណ៌មាសចាំងជាមួយច្រាំងថ្ម គ្មានអ្វីចម្លែកទេ ដែលឧទ្យានជាតិ Grand Canyon បានក្លាយជាកន្លែងកំពូលនៅលើពិភពលោកសម្រាប់ការមើលថ្ងៃរះ និងថ្ងៃលិច។

Grand Canyon រដ្ឋ Arizona សហរដ្ឋអាមេរិក

  • កន្លែងទី២ គឺនៅ The Taj Mahal ដែលមានទីតាំងនៅទីក្រុង Agra ប្រទេសឥណ្ឌា មនុស្សជាច្រើនមិនដែលរំលងកន្លែងនេះទេ ភាគច្រើនគេពិពណ៌នាថា «វាជាបទពិសោធន៍វេទមន្ត»។

Taj Mahal ប្រទេសឥណ្ឌា

  • កន្លែងមើលថ្ងៃរះ និងថ្ងៃលិចល្អបំផុតទី៣ គឺជាតំបន់អច្ឆរិយៈទី៧ នៃពិភពលោក ប្រាសាទអង្គរវត្ត ជាកន្លែងមានទេសភាពដ៏ល្បីល្បាញបំផុតរបស់កម្ពុជា លើសពីនេះ ជាកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ ព្រឹត្តិការណ៍ថ្ងៃរះ ​ចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលគេស្គាល់ថា «សមរាត្រី» ជាព្រឹត្តិការណ៍មួយដែលពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ជាពិសេសចំពោះអង្គរវត្តនាវេលាព្រឹកស្រាងៗ នៅឆ្នាំ២០២៣នេះ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។ សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។ នៅពេលដែលអ្នកបានជួបប្រទះថ្ងៃរះលើបូជនីយដ្ឋានសាសនាដ៏ធំបំផុតនៅលើពិភពលោក មានប្រាសាទផ្សេងទៀតនៅក្បែរនោះដែលអ្នកអាចទស្សនាបានផងដែរ រួមទាំងប្រាសាទព្រហ្មកិល ដែលជាប្រាសាទតូចមួយធ្វើពីថ្មភក់នៅឆ្លងកាត់កសិណ។

ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា

  • ឧទ្យានជាតិ Haleakala រដ្ឋ Hawaii ដែលស្ថិតនៅលំដាប់លេខ៤ ក្នុងតារាងកន្លែងមើលថ្ងៃរះ និងលិចស្អាតទាំង១០ ដើម្បីមើលថ្ងៃរះល្អបំផុត អ្នកទៅទស្សនាភាគច្រើនបានឡើងលើកំពូលភ្នំខ្ពស់បំផុតរបស់ Maui។

ឧទ្យានជាតិ Haleakala រដ្ឋ Hawaii

  • កន្លែងទី៥ សម្រាប់ការមើលថ្ងៃរះដ៏ល្អបំផុត គឺប្រាសាទ Borobudur ស្ថិតនៅកោះជ្វា (JAVA) ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រាសាទព្រះពុទ្ធសាសនាដ៏ធំបំផុតក្នុងពិភពលោក ឡើង​តាម​ជណ្ដើរ​ទៅដល់​ថ្នាក់​កំពូល ដើម្បី​មើល​ថ្ងៃ​រះ​លើ​វាលស្រែ និង​ព្រៃ​ជុំវិញប្រាសាទ៕

ប្រាសាទ Borobudur ស្ថិតនៅកោះជ្វា (JAVA) ប្រទេសឥណ្ឌូនេស៊ី

ប្រភព៖ Forbes

Share.