កីឡាករ​នីហ្សេរីយ៉ា Okereke Timothy ជា​កីឡាករ​ទី៣ ហើយ​ដែល​ប្រកាស​ជា​សាធារណៈ​​ក្នុង​ទីផ្សារ​ដោះដូរ​ជើង​ទី២​ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 (MCL) ខណៈ​កីឡាករ​រូប​មុន​គេ​គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Cristian Alex និង​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Lee Jae Gun របស់​ក្រុម​វិសាខា។

កីឡាករ Okereke Timothy បាន​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដំបូង​នៅ​ឆ្នាំ​​២០១៥ ជាមួយ​ក្រុម​ CMAC FC ហើយ​ឆ្នាំ​២០១៧ រូប​គេ​បាន​ប្តូរ​ទៅ​ចូលរួម​ក្រុម Cambodia Tiger FC (បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​មក​ជា Angkor Tiger FC) ហើយ​នៅ​ឆ្នាំ​២០១៨ ជើង​ទី១ បាន​ចូលរួម​ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប នៅ​ជើង​ទី១ ខណៈ​ជើង​ទី២​រូប​គេ​បាន​ចូលរួម​ក្នុង​ក្រុម​UITM នៅ​លីគ​ទី២​របស់​ម៉ាឡេស៊ី ហើយ​ឆ្នាំ​២០១៩ បាន​​ចូលរួម​ជាមួយ​អង្គរថាយហ្គឺរ សារ​ជាថ្មី ខណៈ​ឆ្នាំ​២០២០ ផ្ទេរ​ទៅ​កាន់​ភ្នំពេញក្រោន។

ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​រដូវកាល​២០២១ ជើង​ទី២ ចាប់​ផ្ដើម​បើក​ទ្វា​​ពី​ថ្ងៃ​ពុធ ទី២១ ខែ​កក្កដា ឆ្នាំ​២០២១ ​តទៅ​ហើយ ដែល​រយៈពេល​ប្រមាណ​១ខែ ដើម្បី​ឱ្យ​​ក្លិប​​ទាំង​១៣​អាច​​បន្ថែម ឬ ដក​សមាជិក​ចេញ​ត្រៀម​​ខ្លួន​ប្រកួត​ប្រជែង​ពាក់កណ្ដាល​រដូវកាល​​ទៀត​ដែល​នៅ​សេសសល់។

អត្ថបទពាក់ព័ន្ធ៖ទីផ្សារដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជា ជុំទី២បើកទ្វារយៈពេល១ខែ

យោង​តាមរយៈលិខិត១៧៨/២១ គ.ប្រ.ប.ជ.ក​ ចុះ​ថ្ងៃ​អង្គារ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០២១ កន្លង​ទៅ​របស់​គណកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​កម្ពុជា (CNCC) បញ្ជាក់​ថា​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​កម្ពុជា ជើងទី២ ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដល់​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ ក្លិប​នីមួយៗ អាច​ធ្វើការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​​បាន​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​ចំនួន​៣​នាក់​ និង​កីឡាករ​បរទេស​ចំនួន​២​នាក់​ផងដែរ៕

Telegram-Troryorng
Share.