ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ខ្លួនមិនបានពិចារណាលើការបាញ់បង្ហោះផ្កាយរណបរបស់ចិន ដែលគ្រាប់រ៉ុក្កែតនោះបានហោះពីលើកោះតៃវ៉ាន់ភាគខាងត្បូង ជាការប៉ុនប៉ងជ្រៀតជ្រែកមុនការបោះឆ្នោតប្រធានាធិបតី និងសភា នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានចេញការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បន្ទាប់ពីគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបវិទ្យាសាស្ត្ររបស់ចិន បានហោះពីលើភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងរយៈកម្ពស់ជាង ៥០០គីឡូម៉ែត្រ។

ការិយាល័យប្រធានាធិបតីរបស់កោះតៃវ៉ាន់ ឆ្លើយតបនឹងសំណួរថា តើខ្លួនបានចាត់ទុកការបាញ់បង្ហោះផ្កាយរណបរបស់ចិន ជាការជ្រៀតជ្រែកក្នុងការបោះឆ្នោតដែរឬទេ? ការិយាល័យបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញភ្លាមៗមុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារ ថា «ខ្លួនមិនគិតថា មានហេតុផលនយោបាយនោះទេ។ បន្ទាប់ពីក្រុមសន្តិសុខជាតិ បានវិភាគព័ត៌មានពាក់ព័ន្ធជារួម និងយកទៅពិចារណាលើការវាយតម្លៃព័ត៌មាននៃសម្ព័ន្ធមិត្តអន្តរជាតិផ្សេងៗ យើងរកឃើញថា នេះមិនមែនជាការប៉ុនប៉ងនយោបាយអ្វីឡើយ»។

ខណៈការបាញ់រ៉ុក្កែតនេះបានបង្កឱ្យមានការជូនដំណឹងមិនពិត កោះតៃវ៉ាន់ បានចោទប្រកាន់ក្រុងប៉េកាំង ម្តងហើយម្តងទៀតថា «ព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត មិនថាតាមរយៈយោធា នយោបាយ សេដ្ឋកិច្ច ឬមធ្យោបាយផ្សេងទៀតនោះទេ»។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់ ចិនបានបាញ់ផ្កាយរណបមួយគ្រឿង ហោះលើភាគខាងត្បូងកោះតៃវ៉ាន់ ជាហេតុនាំឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ បន្លឺស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារអាកាស និងផ្ញើសារព្រមានទៅទូរស័ព្ទដៃអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ន រត់រកកន្លែងសុវត្ថិភាព ប៉ុន្តែក្រោយមក រដ្ឋាភិបាលក៏សុំទោសវិញ ដោយច្រឡំផ្កាយរណបនោះថាជា «មីស៊ីល»។ លោកបានពណ៌នាការបាញ់បង្ហោះនេះថា ជាគំរូនៃការយាយីរបស់ជនជាតិចិន ដូចករណីថ្មីៗ បាឡុងរបស់ចិន ត្រូវបានប្រទះឃើញនៅលើកោះនេះដែរ។

គណបក្សប្រឆាំងដ៏ធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) បានថ្កោលទោសរដ្ឋាភិបាលនេះ កាលពីថ្ងៃអង្គារ ដោយនិយាយថា ការដាស់តឿនដែលបានចេញផ្សាយជុំវិញការបាញ់បង្ហោះផ្កាយរណប «មិនគួរក្លាយជាឧបករណ៍រំខានការបោះឆ្នោត»។ គណបក្សខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គណបក្ស KMT គាំទ្រការប្រើប្រាស់ការព្រមានកម្រិតជាតិ ដើម្បីជូនដំណឹងដល់ប្រជាជន ប៉ុន្តែស្តង់ដារនៃការជូនដំណឹងគួរតែគិតថា តើវាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់តៃវ៉ាន់ដែរឬទេ។ បើ​មិន​ដូច្នោះ​ទេ ប្រសិន​បើ​ការ​ព្រមាន​ ឬ ការប្រកាសអាសន្នត្រូវ​បាន​ផ្ញើ​រតាម​អំពើ​ចិត្ត វា​នឹង​ពិបាក​សម្រាប់​ប្រជាជន»។

សូមជម្រាបថា ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ផ្កាយរណប Einstein Probe បានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត ស៊ីឈួន ប្រទេសចិននៅម៉ោង ០៣:០៣នាទីរសៀល (ម៉ោងក្នុងស្រុក) ខណៈទូរទស្សន៍រដ្ឋ CCTV ប្រកាសថា ខ្លួនទទួលជោគជ័យចំពោះការបាញ់នេះ។ នេះមិនមែនជាលើកទី១ទេ ដែលរ៉ុកកែតចិន ហោះលើដែនអាកាសតៃវ៉ាន់ ពោលគឺកាលពីខែធ្នូ ផ្កាយរណបបាញ់ចេញពី Xichang ក៏ហោះបែបនេះដែរ៕

ប្រភព៖ CNA

Share.