កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួន ក្រុមក្មេងទំនើង៣នាក់ ក្នុងចំណោមបក្ខពួក បន្ទាប់ពីបង្កហិង្សាដេញកាប់គ្នាតាមដងផ្លូវ កាលពីពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី ស្ថិតនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា០៨នាក់ ឃាត់ខ្លួន០៣នាក់ ទី១.ឈ្មោះ ហួយ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅបច្ចុប្បន្នភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ២.ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំខេក មានទីលំនៅបច្ចុប្បន្នភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ ចំរើន ធានី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើនំខេក មានទីលំនៅបច្ចុប្បន្នភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ចំណែក៥នាក់ទៀតកំពុងរត់គេចខ្លួន​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ និងមិត្តភក្តិ ជិះម៉ូតូចេញពីផ្ទះនៅភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអំពិល ទៅរកទិញបារីជក់ ពេលជិះដល់ចំណុចការ៉ាសាំង ស្ថិតនៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក៏ឃើញមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ជិះឌុបគ្នាបើករ៉េពេញផ្លូវ អ្នកអង្គុយខាងក្រោយដៃមានកាន់កាំបិតផ្គាក់វែង ជិះប្រដេញតាមម៉ូតូម៉ាក HONDA SCOOPY ចំនួន០២គ្រឿង ជិះគ្នាសរុប០៤នាក់ ពេលនោះគ្នីគ្នាខ្លួនបានស្រែកឱ្យពួកគថាជិះម៉ូតូម៉េចចឹងហាស។

ភ្លាមនោះស្រាប់តែអ្នកជិះម៉ូតូម៉ាក HONDA DREAM C125 មានគ្នាចំនួន០២នាក់ នោះបត់ម៉ូតូត្រលប់តាមវាយ ក្រុមខ្លួន លុះបើកម៉ូតូទៅដល់មុខវត្តព្រែកក្របៅ ក៏ឃើញមានមនុស្សមួយក្រុមកំពុងឈរនៅទីនោះ ដោយមានការភ័យខ្លាចគេវាយក៏បន្តបើកម៉ូតូទៅផ្ទះមិត្តភក្កិម្នាក់នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ឱ្យជួយ ភ្លាមនោះគ្នីគ្នានិងជនរងគ្រោះបាននាំគ្នារើសដុំថ្មយកមកកាន់ រួចនាំគ្នារត់ដេញតាម អ្នកជិះម៉ូតូឌុបគ្នា០២នាក់ដេញវាយនោះ ស្រាប់តែមានម៉ូតូចំនួន០៤គ្រឿង មានគ្នាចំនួន០៨នាក់ ដោយដៃមានកាន់កាំបិតផ្គាក់ និងដាវ ក្នុងចំណោមបក្ខពួកក្រុមនោះ ភាគីខាងជនរងគ្រោះ ស្គាល់ឈ្មោះ២នាក់ ដែលមានទីលំនៅ រស់នៅខាងសង្កាត់ព្រែកលួង ដោយភាគីខាងជនរងគ្រោះឃើញមានកាំបិត បាននាំគ្នារើសដុំថ្មគប់សំដៅទៅខាងក្រុមជនសង្ស័យ ទើបខាងជនសង្ស័យបាននាំគ្នាចុះពីលើម៉ូតូខ្លះមានកាន់កាំបិតផ្គាក់ ខ្លះទៀតមានកាន់ដាវរត់សំដៅដេញកាប់ខាងក្រុមជនរងគ្រោះ ពេលនោះខាងក្រុមជនរងគ្រោះបាននាំគ្នារត់គេច ពេលរត់គេចខ្លួននោះជនរងម្នាក់ រត់ដួលក៏ត្រូវបានក្រុមជនសង្ស័យកាប់បណ្តាលឱ្យរងរបួសចំក្បាលខាងក្រោយ និងចំកែងជើងជាទម្ងន់បន្ទាប់មកភាគីក្រុមជនរងគ្រោះ បាននាំគ្នារត់គេចខ្លួនចូលក្នុងបន្ទប់ក្រោមផ្ទះរបស់ឈ្មោះ យ៉ាត រ៉ៃយ៉ា នាំគ្នាខ្ទប់ទ្វារបិទតែត្រូវក្រុមជនសង្ស័យនៅតែដេញតាម ធាក់ទម្លុះទ្វារ និងកាប់បំផ្លាញទ្វារ ហើយសសរផ្ទះ និងបានស្រែកឌឺដងឱ្យថែមទៀត ភ្លាមៗក្រុមជនរងគ្រោះបានទូរស័ព្ទហៅសមត្ថកិច្ចជួយអន្តរាគមន៍  ទើបក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះម្នាក់មានសភាពធ្ងន់ធ្ងរត្រូវបានម្តាយយកទៅព្យាបាលនៅមន្ទីរពេទ្យកេតុមាលា នៅរាជធានីភ្នំពេញ រួចក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំពិល ឱ្យជួយអន្តរាគមន៍។ ជនរងគ្រោះឈ្មោះ វ៉ាន់ថាត ចិត្រា ហៅផានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាលរងរបួសក្បាល និងរងរបួសកែងជើង។

ក្រោយទទួលបានបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំពិល សហការជាមួយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ​ពួកខ្លួនពនៅថ្ងៃកើតហេតុ ពួកក្រុមខ្លួនពេលជិះដល់ចំណុចមុខវត្តព្រែកអំពិល មានមនុស្សមួយក្រុមបានយកដុំថ្មគប់មកលើក្រុមរបស់គេ តែមិនត្រូវ ទើបក្រុមរបស់គេក៏នាំគ្នាគប់តបតវិញ ដោយមានអ្នកខ្លះទាញដាវ និងកាំបិតដេញកាប់ពួកគេវិញ បានបន្តិចក៏នាំគ្នាជិះម៉ូតូត្រលប់មកវិញចូលផ្ទះរៀងខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.