ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបង្ហាញក្ដីសង្ឃឹមថាប្រជាជនតៃវ៉ាន់ភាគច្រើន នឹងធ្វើជម្រើសដ៏ត្រឹមត្រូវ នៅមុនការបោះឆ្នោតដ៏សំខាន់ ដោយព្រមានពី «គ្រោះថ្នាក់ខ្លាំង» របស់បេក្ខជនប្រធានាធិបតីនៃគណបក្សកាន់អំណាចរបស់តៃវ៉ាន់ លោក Lai Ching-te ក្នុងការបង្កឱ្យមានជម្លោះនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

​​​កោះតៃវ៉ាន់​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា​សំខាន់​មួយ​នៅ​ថ្ងៃ​សៅរ៍​ សប្ដាហ៍នេះ ដែល​ត្រូវបាន​អន្តរជាតិ​ឃ្លាំមើល​យ៉ាង​ជិតស្និទ្ធ​ចំពេល​មាន​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​។ យ៉ាងណាម៉ិញ ប្រទេស​ចិន ​មិន​បាន​បង្ហាញជា​សាធារណៈ​នូវ​បេក្ខជន​ដែលខ្លួន​ពេញ​ចិត្ត​ ឬ​បញ្ជាក់​ថា​តើអ្វី​ទៅជា​ជម្រើស​ត្រឹមត្រូវ​នោះ​ទេ។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន ក្រោមក្រុមប្រឹក្សារដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lai របស់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច (DPP) គឺជា «បុគ្គលកឯករាជ្យតៃវ៉ាន់» ហើយថា «ប្រសិនបើលោក Lai ឡើងកាន់អំណាច លោកនឹងជំរុញសកម្មភាពរបស់ក្រុមឧទ្ទាមបន្ថែមទៀត»។ លោក Chen បន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រចំពោះជនរួមជាតិតៃវ៉ាន់ភាគច្រើន នឹងទទួលស្គាល់ពីភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងររបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) និងគ្រោះថ្នាក់ដ៏ខ្លាំងខ្លានៃការបង្កហេតុរបស់ លោក Lai Ching-te ដែលនឹងប្រឈមមុខដាក់គ្នានៃត្រើយទាំងសងខាង នៃជម្លោះច្រកសមុទ្រតៃវ៉ាន់ និងដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ ក្នុងពេលទំនាក់ទំនងនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់កំពុងស្ថិតនៅលើផ្លូវបំបែក»។

ទីក្រុងប៉េកាំង បានទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ខណៈតៃវ៉ាន់បានត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភារបស់កោះនេះនាថ្ងៃសៅរ៍ សប្ដាហ៍នេះ ជាជម្រើសរវាងសន្តិភាព និងសង្រ្គាមនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀតរាល់ការប៉ុនប៉ង ដើម្បីជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការរបស់តៃវ៉ាន់មានន័យថាជាការបង្កជម្លោះ ទន្ទឹមនោះរដ្ឋាភិបាលតៃវ៉ាន់ បានច្រានចោលការអះអាងអធិបតេយ្យភាពរបស់ចិនផងដែរ។

សូមជម្រាបថា កាលពីដើមសប្ដាហ៍នេះ លោក Lai Ching-te បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកនឹងរក្សា «ស្ថានភាពដើម» នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានឹងលើកកម្ពស់សន្តិភាព ប្រសិនបើជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ព្រមទាំងបើកចំហកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ផ្អែកលើគោលការណ៍ស្មើភាព និងសេចក្ដីថ្លៃថ្នូរ៕

ប្រភព៖ CNA

Share.