ភ្នំពេញ ៖ កម្មករតំឡើងអង់តែនទូរស័ព្ទម្នាក់ ធ្លាក់ពីលើបង្គោលកម្ពស់១៧ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បាក់ជើង បាក់ចង្កេះ គ្រាដែលឡើងទៅតំឡើងចាប់ខ្សែកាបភ្ជាប់អង់តែន កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ផូ សៀងហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករឡើងបង្គោលអង់តែន ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើតភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកកម្មករម្នាក់ទៀតឈ្មោះ ណុប វីរៈ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើត នៅភូមិទឹកអំបិល ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ជាអ្នកនៅក្រោមចាំយោងសម្ភារៈឡើង ។

បើតាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ មានគ្នា២នាក់ ទៅតឡើង ចាប់បំពាក់អង់តែទូរស័ព្ទឱ្យក្រុមហ៊ុនស្មាត នៅចំណុចកើតហេតុ ដែលដាក់នៅលើដំបូលផ្ទះជួល ដោយជនរងគ្រោះជាអ្នកឡើងទៅលើបង្គោល ដែលមានកម្ពស់ពីដី១៧ម៉ែត្រ ចំណែកកម្មករម្នាក់ទៀត ជាអ្នកនៅខាងក្រោម ចាំយោងសម្ភារៈ ឡើងទៅឱ្យអ្នកខាងលើ ខណៈដែលជនរងគ្រោះកំពុងចាប់ខ្សែអង់តែ ស្រាប់តែរបូតក្បាលខ្សែក្រវ៉ាត់ សុវត្តិភាព បណ្តាលឱ្យផ្ងាកក្រោយធ្លាក់មកដី រងរបួសធ្ងន់ធ្ងរ បាក់កជើងឆ្វេង បាក់ចង្កេះ មុតរយះក សងខាង បង្កឱ្យផ្អើលឆោឡោ ពលរដ្ឋ សមត្ថកិច្ច ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.