ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាអតីតបុគ្គលិកផ្នែកប្រមូលប្រាក់របស់ក្រុមហ៊ុន លាភមហាសម្បត្តិឡូតូមួយរូប ទាក់ទងការកិបកេងប្រាក់ ១០លាន ៨០ម៉ឺនរៀលរបស់ក្រុមហ៊ុន។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើមានឈ្មោះ វណ្ណះ វិសិទ្ធិ  ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅសព្វថ្ងៃភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ តាមចម្លើយសារភាពជនសង្ស័យបានចូលបម្រើការងារនៅក្រុមហ៊ុន លាភមហាសម្បត្តិឡូតូ ធ្វើការផ្នែកប្រមូលប្រាក់តាមភ្នាក់ងារភូមិសាស្រ្តឃុំរកាកោងទី១ ឃុំរកាកោងទី២ ឃុំព្រែកដំបង ហើយបានប្រព្រឹត្តិអំពើ កិបកេងប្រាក់ក្រុមហ៊ុនអំឡុងខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ បានចំនួន១០,៨០០,០០០៛ (ដប់លានប៉ែតសិបម៉ឺនរៀល) ហើយក៏គេចខ្លួនបាត់។

ជនសង្ស័យ។

លុះដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យក៏ចូលមកផ្ទះរបស់ខ្លួនវិញ  ហើយសមត្ថកិច្ចយើងក៏បានហៅ ជនសង្ស័យយកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន កិបកេងប្រាក់របស់ក្រុមហ៊ុន រហូតអស់ចំនួន ១០,៨០០,០០០៛ (ដប់លានប៉ែតសិបម៉ឺនរៀល) ពិតប្រាកដមែន ។

 បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ហើយជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.