ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុបន្តរដូវប្រាំងដល់ដើមខែឧសភា ២០២៤
បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អំពីស្ថានភាពអាកាសធាតុរដូវប្រាំងឆ្នាំនេះ មានសីតុណ្ហភាពកើនឡើង ខ្លាំង ពោលគឺសីតុណ្ហភាពក្ដៅកើនឡើងជាងឆ្នាំកន្លងទៅ។

ក្រសួងបានឱ្យទៀតដឹងថា សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°Cនិង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។

ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត ពោលគឺយឺតជាងឆ្នាំ២០២៣ រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។

យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕

អត្ថបទ៖ សង្គម

Share.