នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ការបោះឆ្នោតនៅតៃវ៉ាន់បានបញ្ចប់ជាផ្លូវការ ខណៈតៃវ៉ាន់បានចាប់ផ្តើមរាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបឋមនាយប់ថ្ងៃដដែល ការបោះឆ្នោតនេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ប្រទេសជិតខាង និងពិភពលោក បន្ទាប់ពីកោះនេះបានរងការគំរាមកំហែងកាន់តែខ្លាំងឡើងជាច្រើនឆ្នាំពីទីក្រុងប៉េកាំង ដែលបានព្រមានក្នុងសប្តាហ៍នេះថា អនាគតរបស់កោះនេះ គឺស្ថិតនៅ «ផ្លូវបំបែក»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។

ការបោះឆ្នោតបានបិទបញ្ចប់ជាផ្លូវការនៅម៉ោង ៤រសៀល ថ្ងៃសៅរ៍នេះ ហើយលទ្ធផលបឋមត្រូវបានរំពឹងទុកថា ប្រកាសនៅប៉ុន្មានម៉ោងក្រោយមក ក្រោមដំណើរការរាប់សន្លឹកឆ្នោតប្រកបដោយប្រសិទ្ធភាព និងតម្លាភាពរបស់តៃវ៉ាន់។

យុទ្ធនាការបោះឆ្នោតដ៏អធិកអធម ដែលជាការបង្ហាញពីអត្តសញ្ញាណលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ ត្រូវបានលើកឡើងជុំវិញបញ្ហាជីវភាពរស់នៅ ក៏ដូចជាសំណួរនៃរបៀបដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងផ្តាច់ការរបស់ខ្លួន ខណៈបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន បានទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយ​លោក ស៊ី បាន​ហៅ​ការ​បង្រួបបង្រួម​របស់​តៃវ៉ាន់​ ជាមួយ​នឹង​ដីគោក​ ថា​​ «​ការ​ជៀស​មិន​រួច​ជា​ប្រវត្តិសាស្ត្រ»។

យ៉ាងណាម៉ិញ លទ្ធផលនៃការបោះឆ្នោតពីប្រជាជនតៃវ៉ាន់ នឹងមិនត្រឹមតែសម្រេចអនាគតរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងអាចកែប្រែទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងសាកល្បងដល់កិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក និងចិន ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងដ៏រឹងមាំ។

ទីក្រុងប៉េកាំង ដែលតែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកៀកផ្ទៃមេឃ និងដែនទឹករបស់តៃវ៉ាន់ បានកំណត់ការបោះឆ្នោតជាជម្រើសមួយរវាង «សន្តិភាព និងសង្រ្គាម ភាពរុងរឿង និងភាពអន់ថយ»។

កាលពីថ្ងៃពុធ ចិនបានព្រមាន «អ្នកបោះឆ្នោតរបស់តៃវ៉ាន់ឱ្យធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ នៅផ្លូវបំបែកនៃទំនាក់ទំនងច្រកសមុទ្រ និងបានព្រមានថា មេបក្ស DPP ជាមនុស្សគ្រោះថ្នាក់» ខណៈចិន កំពុងប្រឆាំងនឹងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីចំនួន ២លើក។

នៅថ្ងៃចុងក្រោយដែលឈានទៅដល់ការបោះឆ្នោត បេក្ខជនបានធ្វើដំណើរទៅកាន់ទីក្រុងធំៗ ជុំវិញកោះ ដើម្បីរៀបចំការប្រមូលផ្តុំយុទ្ធនាការនាពេលយប់ ដោយមានតន្ត្រីរ៉ុក ការថ្លែងសុន្ទរកថា និងការច្រៀងតាមចង្វាក់នៃពាក្យស្លោកដោយហ្វូងមនុស្សជាច្រើនថែមទៀត។

សូមជម្រាបថា កោះតៃវ៉ាន់មានប្រជាជនប្រមានជា ២៣.៥លាននាក់ ដោយពួកគេនឹងធ្វើការសម្រេចជ្រើសរើសទាំងប្រធានាធិបតី និងសភាថ្មី ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន ក្រោមរដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ ខណៈជោគវាសនារបស់កោះនេះទាំងមូល ត្រូវពឹងផ្អែលលើប្រជាជនតៃវ៉ាន់ហើយ៕

ប្រភព៖ CNN

Share.