ត្បូងឃ្មុំ៖ កម្លាំងយោធាស្រុកអូររាំងឪ និងកម្លាំងកងរាជអាវុធហត្ថស្រុកអូររាំងឪ បានសហការជាមួយកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្ត បានចេញប្រតិបត្តិការក្នុងភូមិសាស្ត្រ ចំណុចភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ត្តត្បូងឃ្មុំ ព្រមទាំងបានឃាត់រថយន្តសាំយ៉ុងពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-1932 មានដឹកឈើពេញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ រួចប្រគល់ជូនមេព្រៃខេត្តដើម្បីបន្តនិតិវិធី។

កម្លាំងយោធាស្រុកអូររាំងឪបានឲ្យដឹងថា កម្លាំងសហការមានយោធាស្រុកអូររាំងឪ កម្លាំងកងរាជអាវុធហត្ថស្រុកអូររាំងឪ និងកម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលបង្ក្រាបករណីរថយន្តសាំយ៉ុងខាងលើមានដឹកឈើ បង្កប់ជាមួយទ្វាពេញរថយន្តតែម្តង ដោយបានធ្វើដំណើរចេញពីខេត្តក្រចេះ ឆ្លងកាត់ចូលមកខេត្តត្បូងឃ្មុំ  សកម្មភាពបែបនេះ មានការដឹកសម្ញែងរាល់ថ្ងៃ តែខាងជំនាញមេព្រៃ រាប់ពីសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ ផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មិនសហការបង្ក្រាបជាមួយកម្លាំងយើងឡើយ។  

រថយន្តដឹកឈើខាងលើមានម្ចាស់មានឈ្មោះ ចែ អូន ក្រោយការបង្ក្រាបរួមទាំងតៃកុង បានរត់គេចខ្លួនអាស់ ហើយកម្លាំងបានអូសរថយន្តនេះ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំ ហើយឈើល្មើសមិនទាន់ដឹងថា មានចំនួនប៉ុន្មាននោះទេ រង់ចាំមេព្រៃខេត្ត ចាត់ការទៅតាមនិតិវី។ 

ជុំវិញករណីនេះដែរ ក្រុមអ្នកយកព័ត៌មានបានទាក់ទងទៅលោក បែន បុល្លិណា នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំដោយលោកគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា ជំនាញកំពុងតែរាប់ឈើមានចំនួន១៣ដុំ ហើយក៏ដាច់ទូរស័ព្ទតែម្តងទៅ៕

អត្ថបទ៖ សាន វិឡែម

Share.