លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) បាន​ផ្ញើលិខិ​តថ្លែងនូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្ត្រីនៃ​ព្រះ​រាជាណា​ចក្រកម្ពុជា ដែលបានឯកភាព ទទួលធ្វើជាម្ចាស់​ផ្ទះរៀប​ចំការ​ប្រកួត​កីឡាយុវជន​អា​ស៊ីប៉ារ៉ា​ហ្គេម លើកទី៦ (6 Asian Youth Para Games) បន្ទាប់ពីការរៀបចំការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ (5 Asian Youth Games) នាឆ្នាំ២០២៩។

យោងតាមលិខិតចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ គោរពផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ម​ក​កាន់​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា ​ និង​បានបញ្ជាក់​ថា គណៈ​កម្មាធិ​ការ​ប៉ារ៉ាឡាំពិកអាស៊ី សមា​ជិក​ក្រុម​ប្រឹក្សាភិបាល គណៈប្រតិបត្តិ និង​មន្ត្រីគ្រប់គ្រងគ្រប់ឋានានុក្រមទាំងអស់ បាន​បង្ហាញ​នូវ​មនោស​ញ្ចេតនារំភើបរីករាយ ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ដែលកម្ពុជា បានឯកភាព ទទួលធ្វើជាម្ចាស់​ផ្ទះរៀប​ចំការ​ប្រកួត​កីឡាយុវជន​អា​ស៊ីប៉ារ៉ា​ហ្គេម លើកទី៦ (6 Asian Youth Para Games) បន្ទាប់​ពីការ​រៀប​ចំការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ (5 Asian Youth Games) នាឆ្នាំ២០២៩។​

គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី ប្ដេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា គណៈ​កម្មាធិ​ការ ជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈ​កម្មាធិការជាតិ​រៀប​ចំការប្រកួត និងភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ប្រកប​ដោយ​គុណ​វឌ្ឍន៍ និងទទួលបាននូវមហាជោគជ័យជា ប្រវត្តិសាស្ត្រ​សម្រាប់​តម្កល់​ចលនា​ប៉ារ៉ាឡាំពិក​កាន់​តែ​ប្រសើរឡើងក្នុងតំបន់អាស៊ី។

លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី នឹងអញ្ជើញមកធ្វើ ទស្សន​កិច្ចនៅ​ព្រះរាជាណាច​ក្រកម្ពុជា នាខែមីនា ឆ្នាំ២០២៤ ដើម្បីស្នើសុំជួបសម្ដែងការគួរសមជាកិត្តិយស ដ៏ខ្ពង់​ខ្ពស់​បំផុត​ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ចុះហត្ថ​លេខាជាផ្លូវការជាមួយភាគីកម្ពុជា លើកិច្ចព្រមព្រៀង​អនុ​ស្សរណៈ​សហការ​យោគ​យល់​គ្នាក្នុងការ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ៕

Share.