បាត់ដំបង÷ស្ត្រីម្នាក់ត្រូវប្តីកាប់បណ្តាលឱ្យរបួសធ្ងន់ បន្ទាប់ពីប្តីកើតចិត្តប្រច័ណ្ឌប្រពន្ធរហូតផ្ទុះទៅជាកំហឹងទប់មិនជាប់​ទាញកាំបិតកាប់ប្រពន្ធជាច្រើនកាំបិត កាលពីវេលាម៉ោង៩:៤០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចក្រុមទី៨ ក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនដៃដល់ជាប្ដី ឈ្មោះ ង៉ុយ សឿន អាយុ៥៤ឆ្នាំ ស្នាក់នៅនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ហើយនៅយប់កើតហេតុក្រោយផ្ទុះកំហឹងជាមួយប្រពន្ធមួយប្រាវ ជនដៃដល់បានទាញយកកាំបិតកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ទី ស្រីណេត ហៅតយ អាយុ៣៦ឆ្នាំ ចំនួន៣កាំបិត ត្រង់ស្មាខាងស្ដាំមួយកន្លែង ត្រង់ខ្នងមួយកន្លែង និងត្រង់ក្បាលខាងក្រោយមួយកន្លែងទៀតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនកាប់ប្រពន្ធនេះ ដោយសារខ្លួនប្រច័ណ្ឌប្រពន្ធ រហូតទប់កំហឹងមិនបានក៏ទាញកាំបិតកាប់ប្រពន្ធផ្ទួនៗតែម្តង។ បច្ចុប្បន្ន ជនដៃដល់ត្រូវបាននគរបាលរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅផែនជំនាញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.