ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានលង់ទឹកស្លាប់ ក្នុងហេតុការណ៍លិចទូកក្នុងបឹងមួយកន្លែង នៅភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងចំណោមអ្នកបាត់បង់ជីវិត មានកុមារចំនួន ៩នាក់ ខណៈក្រុមអ្នកស្វែងរក និងជួយសង្រ្គោះ នឹងបន្ដស្វែងរកអ្នកបាត់ខ្លួនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងរដ្ឋ Gujarat ខណៈសិស្សកំពុងធ្វើដំណើរទៅញុំាអាហារដែលរៀបចំដោយសាលារបស់ពួកគេ។ យ៉ាងណាម៉ិញ មនុស្សរាប់សិបនាក់ បានចូលរួមស្វែងរកអ្នករស់រានមានជីវិតដែលរងគ្រោះក្នុងហេតុការណ៍នេះ។

បើតាមបុគ្គលិករបស់មន្ទីរពេទ្យ និងមន្រ្តីក្នុងតំបន់ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ បានប្រាប់ទីភ្នាក់ងារ AFP ថា ជនរងគ្រោះទាំងនោះ រួមមានកុមារតូចៗ អាយុក្រោម ១០ឆ្នាំ និងគ្រូបង្រៀនម្នាក់ផងដែរ។

ភ្លាមៗនោះ គេមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ ប៉ុន្តែមន្ត្រីក្នុងតំបន់បាននិយាយថា «យ៉ាងហោចណាស់មនុស្ស ២៧នាក់ ត្រូវបានគេជឿថា នៅលើទូកនោះ»។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសរសេរនៅលើបណ្ដាញសង្គម X ថា «សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារ។ ខ្ញុំសូមឱ្យអ្នករងរបួសក្នុងឧបទ្ទវហេតុនេះ ឆាប់ជាសះស្បើយ ហើយរដ្ឋបាលមូលដ្ឋាន កំពុងផ្ដល់ជំនួយដែលយើងអាចធ្វើទៅបានទាំងអស់ ដល់អ្នកដែលរងផលប៉ះពាល់»។

សូមជម្រាបថា គ្រោះថ្នាក់នៅលើទូកនៅឥណ្ឌា គឺជារឿងធម្មតានៅលើផ្លូវទឹករបស់ប្រទេសនេះ។ កាលពីឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ២២នាក់បានស្លាប់ នៅពេលដែលទូកទេសចរណ៍ ២ជាន់របស់ពួកគេបានក្រឡាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ខណៈអ្នករស់រានមានជីវិតពីឧបទ្ទវហេតុនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកដំណើរជាច្រើននាក់មិនបានពាក់អាវពោងការពារជីវិតទេ៕

ប្រភព៖ ​CNA

Share.