ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអាទិត្យ ថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលហោះចេញពីប្រទេសឥណ្ឌា ទៅទីក្រុងមូស្គូ ឆ្លងកាត់ប្រទេសអ៊ូសបេគីស្ថាន រួចបានធ្លាក់នៅក្នុងខេត្ត Badakhshan ភាគឦសាន្ដនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ជាក់ថា មិនមែនជាយន្ដហោះរបស់ប្រទេសឥណ្ឌានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន India Express នាថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។

ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានបំភ្លឺថា យន្តហោះនោះមិនមែនជា យន្ដហោះពាណិជ្ជកម្ម ឬជាយន្ដហោះជួលលក្ខណៈឯកជនឥណ្ឌាទេ ហើយព័ត៌មានលម្អិតបន្ថែម គឺកំពុងស្ថិតក្នុងការរង់ចាំ។ យ៉ាងហោចណាស់មានមនុស្ស ៦នាក់ត្រូវបានគេគិតថា នៅលើយន្តហោះនោះ។ ទាក់ទិននឹងបញ្ហានេះ ប៉ូលីសនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការធ្លាក់ ឬ ស្លាប់នៅឡើយទេ។

ទន្ទឹមនោះ អ្នកនាំពាក្យរដ្ឋបាលខេត្ត Badakhshan បានប្រាប់ថា ក្រុមជួយសង្រ្គោះត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃការធ្លាក់យន្ដហោះ ប៉ុន្ដែទីនោះជាតំបន់ដាច់ស្រយាលជាង ២០០គីឡូម៉ែត្រ ពីទីប្រជុំជននៃខេត្ត ដូច្នេះក្រុមជួយសង្រ្គោះត្រូវការចំណាយពេល ១២ម៉ោង ដើម្បីទៅដល់កន្លែងកើតហេតុ។

យោងតាមអាជ្ញាធរអាកាសចរណ៍រុស្ស៊ី វាគឺជា យន្ដហោះសង្គ្រោះ ដែលធ្វើដំណើរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេស អ៊ូសបេគីស្ថាន ទៅកាន់ទីក្រុងមូស្គូ តាមរយៈយន្តហោះ Dassault Falcon 10 ផលិតនៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៧៨៕

ប្រភព៖ India Express

Share.