ក្រុម​បាល់ទាត់​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ (ទ័ព) បាន​ប្រកាស​បង្ហាញ​សមាជិក​ថ្មី​​ជា​ខ្សែ​ប្រយុទ្ធ​ជនជាតិ​កូរ៉េខាងត្បូង ១រូប​ទៀត នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​សម្រាប់​ជើង​ទី​២ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021។

កីឡាករ​ចំណូល​ថ្មី​រូប​នេះ​មាន​ឈ្មោះ​ថា​ Ha Chanyoung វ័យ​២០ឆ្នាំ ដែល​​ផ្លាស់​ចេញ​ពី​ក្លិប ​Tatran Liptovsky Mikulas សមាជិក​លីគទី២ ប្រទេស​ស្លូវ៉ាគី។ កីឡាករ​រូប​នេះ​ជា​យុវជន​នៅ​ក្រុម Daejeong C Youth ហើយ​នៅ​ឆ្នាំ​២០១៨-១៩ រូប​គេ​បាន​ទៅ​ចូលរួម​ក្រុម Osan HS នៅ​ស្រុក​កំណើត​ខណៈ​នៅ​ថ្ងៃ​​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ រូប​គេ​បាន​ចេញ​ទៅ​ចូលរួម​ក្រុម​Tatran Liptovsky Mikulas U19 នៅ​ប្រទេស​ស្លូវ៉ាគី មុន​​តំឡើង​ចូល​ក្រុម​ធំ​នៅ​ថ្ងៃ​ទី១​ខែ កក្កដា ឆ្នាំ​២០២០។

អត្ថបទពាក់ព័ន្ធ៖MCL៖Okereke Timothy ជា​កីឡាករ​ទី៣​ដែល​ប្រកាស​ជា​សាធារណៈ​ក្នុង​ទីផ្សារ​ដោះដូរ​ជើងទី២

នៅ​មិន​ទាន់​មាន​ដំណឹង​ច្បាស់​ការ​នៅ​ឡើយ​ពី​ក្រុម​​ទ័ព ថា​នឹង​ត្រូវ​ជម្រុះ​កីឡាករ​បរទេស​ណា​ចេញ​នោះ​ទេ ក្នុង​ចំណោម​កីឡាករ​ទាំង​៥​រូប​ដែល​ស្ថិត​ក្នុង​បញ្ជី​ដែល​មាន​ស្រាប់​ ដូចជា​កីឡាករ​ប្រេស៊ីល Romário ម្ចាស់​ស្បែក​ជើង​មាស​ឆ្នាំ​​២០១៤ Dzarma Bata កីឡាករ​ជប៉ុន Rio Sakuma និង​ Yuta Kikuchi និង​កីឡាករ​ប្រេស៊ីល Cristiano Sergipano។

​សូម​បញ្ជាក់​ថា​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​កម្ពុជា ជើងទី២ ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដល់​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ ក្លិប​នីមួយៗ អាច​ធ្វើការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​​បាន​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​ចំនួន​៣​នាក់​ និង​កីឡាករ​បរទេស​ចំនួន​២​នាក់​ផង​ដែរ៕

Telegram-Troryorng
Share.