ភ្នំពេញ៖ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) បានជូនដំណឹងដល់អតិថិជនទាំងអស់ក្នុងរាជធានីឱ្យបានដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ សហគ្រាសនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញឡើងរិញហើយ។ ដូច្នេះសូមអតិថិជនទាំងអស់ចូលរួមបង់ថ្លៃសេវាប្រមូលសំរាម ឱ្យបានទៀងទាត់ និងទាន់ពេលវេលាមុនថ្ងៃទី១៥ នៃខែបន្ទាប់ មិនដូច្នេះទេសហគ្រាស នឹងចាប់ផ្តើមធ្វើការផាកពិន័យចំពោះអ្នកបង់យឺតទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

ដោយឡែក ចំពោះកម្រៃសេវា គឺអនុវត្តទៅតាមតារាងកម្រៃសេវា (ថ្មី) នៃសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដដែល។ ចំពោះនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម គឺបងប្អូនប្រជាពលរដ្ឋទាំងអស់អាចបង់០១ខែម្តង ឬបង់ទុកមុន០១ឆ្នាំម្ដង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ស្ថាបនា, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Prince Bank, Phillip Bank, BIC Bank, BRED Bank,MAYBank, PPCBank, LOLC, Shinhan Bank, Campu Bank, CHIP MONG,
ប្រាសាក់, អម្រឹត, មហានគរ ម.ក ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, CoolCash, Tang Kung Pay, CPAY, Dara Pay, លីហួរវេរលុយ និងPiPay។

សូមបញ្ជាក់ផងដែរថា សម្រាប់ការទូទាត់សេវាសំរាម សំណល់រឹងនៅទីប្រជុំជន រាជធានីភ្នំពេញនេះផងដែរ គឺអតិថិជនទាំងអស់អាចសូមមើលពាក្យបង់ប្រាក់ ទឹក ភ្លើង និងសំរាម រួចជ្រើសយកឈ្មោះ “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)” ឬ “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH (EWP)” បន្ទាប់មកបញ្ចូល លេខសំគាល់អតិថិជន ID ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី និងទឹកប្រាក់ ត្រូវបង់ រួចបញ្ជូនជាការស្រេច។

គួររំលឹកថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ស្តីពី ការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹង ដែលមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន នៅរាជធានីភ្នំពេញ។

ដោយសាលារាជធានីភ្នំពេញ បានផ្តោតលើការទុកដាក់សំរាម និងសំណល់រឹង ដោយមុនបញ្ចេញសំរាមត្រូវសម្រឹតទឹកចេញ ហើយញែកសំរាមជាពីរផ្នែកដាច់ពីគ្នា គឺសំរាមសើមត្រូវដាក់ក្នុងថង់ខ្មៅ និងសំរាមស្ងួតត្រូវដាក់ថង់ពណ៌ស ហើយត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។ ​ដោយឡែកសំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានាត្រូវវេចខ្ចប់ឱ្យបានល្អមិនត្រូវលាយឡំជាមួយសំរាមសើមនិងស្ងួតឡើយ។

សម្រាប់ម៉ោងពេលត្រូវបញ្ចេញសំរាមវិញ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យ៉ាងច្បាស់ផងដែរគឺ ខណ្ឌដែលស្ថិតនៅចំកណ្តាលរាជធានី ចំនួន ០៥ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង គឺត្រូវបញ្ចេញសំរាមនៅម៉ោង៦ ដល់ម៉ោង ៩យប់ ករណីបញ្ចេញសំរាមខុសម៉ោងនេះ នឹងទទួលការផាកពិន័យ។

ដោយឡែក ខណ្ឌស្ថិតនៅជាយរាជធានី ចំនួន ០៩ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅវិញ សាលារាជធានីបានបែងចែកការប្រមូលសំរាមជា ២ផ្នែក គឺលើផ្លូវជាតិ ត្រូវប្រមូលនិងដឹកជញ្ជូនរៀងរាល់ថ្ងៃ ចន្លោះពីម៉ោង ៦យប់ រហូតដល់ម៉ោង ៩យប់។

រីឯផ្លូវរណបវិញ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃម្តង ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយប្រមូលនៅពេលថ្ងៃវេលាម៉ោង ៨ព្រឹក ឬពេលយប់វេលាម៉ោង ៩ អាស្រ័យលើការកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករ៕

Share.