ភ្នំពេញ៖ លោកស្រី សុខ លីណា ជាម្តាយរបស់ជនបើករថយន្ត Jeep ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកីឡាករជម្រើសជាតិកម្ពុជាម្នាក់ស្លាប់កាលពីខែមុននោះ បានដកស្នើសុំដកពាក្យបណ្តឹង​ដែលបានប្តឹងគ្រួសារជនរងគ្រោះពីបទបរិហារកេរ្តិ៍វិញហើយ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ បណ្តឹងនេះ ត្រូវបានម្តាយជនបង្កប្តឹងឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ជាប្រពន្ធជនរងគ្រោះ និងប្តឹងឈ្មោះ : សៀង សេរីរដ្ឋា ភេទស្រី ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ជាសាច់ញាតិជនរងគ្រោះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ មកលើរូបខ្លួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងបណ្តាញសារព័ត៌មានជាច្រើន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

តាមសេចក្តីប្រកាសព័ត៌មាន បានភ្ជាប់មកនូវមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា “….ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់នៃ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្ដឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់…” ។ ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើទុកឥតចាត់ការ។

ជាការកត់សម្គាល់ បន្ទាប់ពីម្តាយជនបង្កហេតុឈ្មោះ សុខ លីណា បានដាក់ពាក្យប្តឹងក្រុមគ្រួសារសពជនរងគ្រោះករណីចោទថាបានបរិហារកេរ្តិ៍ជាសាធារណៈ ហើយបានទាមទារសំណងលើអ្នកទាំងបួនសរុបចំនួនជាង ៤០ម៉ឺនដុល្លារនោះ ករណីនេះត្រូវបានអ្នកប្រើបណ្តាញសង្គមផ្ទុះការរិះគន់លើប្រព័ន្ធយុត្តិធម៌ ខណៈអ្នកលេងបណ្តាញសង្គមថាចាត់ការបណ្តឹងខាងភាគីជនបង្កហេតុលឿនជាង ការចាត់ការសំណុំរឿងរបស់ជនរងគ្រោះក្នុងករណីនេះ។ តែករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា សំណុំរឿងទាំងពីរគឺតុលាការដំណើរការនិតីវិធីដំណាលគ្នានោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កកើតឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ៖ 2CB-9963 បុកជាមួយម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះជិះម៉ូតូឈ្មោះ សៀង គឹមហុង ដែលជាកីឡាកផងនោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ជនបង្កហេតុជិះរថយន្ត Jeep មានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលត្រូវជាកូនរបស់ លោកស្រី សុខ លីណា បានរត់គេចខ្លួនបន្ទាប់ពីកើតហេតុនោះ។

រឿងរ៉ាវនេះបានបង្កការផ្អើលដល់ថ្នាក់ដឹកនាំ ពិសេស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយចេញមកអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យជនបង្កហេតុចូលខ្លួនមកសារភាព និងបានស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ដើម្បីស្វែងរកចាប់ខ្លួន។

ក្រោយមានដីការបស់តំណាងអយ្យការ ក្រុមគ្រួសារជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បាននាំខ្លួនរូបគេមកជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលស្គាល់រាល់កំហុស ហើយជនបង្កហេតុត្រូវបានបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទ៖ចតុមុខ

Share.