ភ្នំពេញ៖ កុមារប្រមាណ ៣ សែននាក់ក្នុងនោះសិស្សស្រីមានជាង៤៩% បានអាហារទទួលទានចំនួនពីរពេលក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលថ្ងៃត្រង់ ដែលការផ្តល់អាហារដល់កុមារនេះធ្វើឡើងតាមរយៈកម្មវិធីផ្ដល់អាហារតាមសាលារៀនរបស់ក្រសួងអប់រំ ដែលបាននិងកំពុងបន្តនៅឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៤​ ខែមករា ឆ្នាំ២០២៤។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នេះ បាននឹងកំពុងអនុវត្តនៅតាមសាលាបឋមសិក្សា ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ១០ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងស្ទឹងត្រែង។ កម្មវិធីផ្តល់អាហារនេះគ្របដណ្តប់លើសាលារៀនគោលដៅដែលជួបបញ្ហាខ្វះខាតចំនួន ១ ១១៤សាលា។ ដោយសាលារៀនគោលដៅដែលប្រើប្រាស់ថវិការដ្ឋគិតត្រឹមឆ្នាំ២០២៤ មាន៥៥៣សាលា និងសាលារៀនប្រើប្រាស់ថវិកាកម្មវិធីស្បៀងអាហារពិភពលោកមាន ៥៦១សាលា។

ទិដ្ឋភាពសិស្សមកទទួលអាហារទទួលទានមុនចូលរៀន។រូបភាពពី ក្រសួងអប់រំ។

លោកជំទាវ ឃួន វិច្ឆិកា​ បន្ថែមទៀតថា កម្មវិធីផ្តល់អាហារដល់កុមារដែលមានជីវភាពខ្វះខាតនេះ មិនត្រឹមតែបានជួយជំរុញអត្រាចុះឈ្មោះចូលរៀនរបស់សិស្សបានកាន់តែច្រើននោះទេ ថែមទាំងបានកាត់បន្ថយអត្រានៃការបោះបង់ចោលការសិក្សារបស់សិស្សថែមទៀតផង។ ពិសេសសិស្សទទួលបានសុខភាពល្អបរិបូរណ៍សម្បូរអាហារូបត្ថម្ភ ខណៈម្ហូបអាហារដែលយកមកចម្អិនជូនសិស្សសុទ្ធសឹងជាកសិផលក្នុងភូមិស្រុកនៅតំបន់នោះ។

ទិដ្ឋភាពសិស្សទទួលទានអាហារមុនចូលរៀន។រូបភាពពី ក្រសួងអប់រំ។

បន្ថែមពីនេះ កម្មវិធីផ្ដល់អាហារតាមសាលារៀនក៏បានជួយរួមចំណែកជួយលើកកម្ពស់ការដាំដុះរបស់ប្រជាកសិករក្នុងភូមិស្រុកផងដែរ ព្រោះសាលាបានប្រមូលទិញផលិតផលកសិកម្មពីពលរដ្ឋដែលអាចបង្កើនប្រាក់ចំណូលដល់កសិករផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះបានជួយពង្រីកស្មារតីរបស់មាតាបិតាឬអាណាព្យាបាលសិស្សឱ្យចូលរួមគាំពារក្នុងការជំរុញដល់កូនៗមកចូលរៀនបានកាន់តែប្រសើរជាងមុន។

​​ ទិដ្ឋភាពសិស្សទទួលទានអាហារមុនចូលរៀន។រូបភាពពី ក្រសួងអប់រំ។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) ធ្លាប់បានលើកឡើងថា កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នៅ​កម្ពុជានេះ ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​អប់រំ និង​ក្របខ័ណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​តាម​ការលើកកម្ពស់​លទ្ធភាព​ទទួល​បានការ​អប់រំ សម្រាប់​កុមារ​ថ្នាក់​មត្តេយ្យ និង​បឋមសិក្សា​។ ការលើកកម្ពស់​អាហារូបត្ថម្ភ និង​សុខភាព​របស់​សិស្សានុសិស្ស និង​ជួយ​ឱ្យ​ពួកគេ​បាន​ហូប​ឆ្អែត​មួយរយៈ​ពេល​ក៏ដូចជា ជួយផ្តល់​នូវ​សំណាញ់​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ ដែល​ងាយ​រងគ្រោះ តាមរយៈ​កម្មវិធី​ផ្ទេរប្រាក់​។

ម្ហូបអាហារដែលផ្តល់ជូនសិស្សទទួលទាន។រូបភាពពីក្រសួងអប់រំ។

ដោយឡែក ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ ​មក KOICA បាន​គាំទ្រ​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​នៅតាម​សាលារៀន​នៅ​ខេត្តកំពង់ធំ កំពង់ឆ្នាំង និង​ពោធិ៍សាត់ ដោយ​ផ្តល់​មូលនិធិ​សរុប​ចំនួន​ ១០ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​។ ជំនួយ​នេះ​បាន​អនុញ្ញាតឱ្យ​មានការ​សាងសង់​ផ្ទះបាយ កន្លែង​ទទួលទាន​អាហារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ និង​អនាម័យ​នៅតាម​សាលារៀន​ជាច្រើន​ ដើម្បី​សម្រួល​ដល់​ការផ្ដល់​អាហារ​តាម​សាលារៀន​ប្រកបដោយ​សុវត្ថិភាព អនាម័យ និង​មាន​ប្រសិទ្ធភាព​។

ទិដ្ឋភាពសិស្សមកទទួលអាហារទទួលទានមុនចូលរៀន។រូបភាពពី ក្រសួងអប់រំ។

ចំណែកទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំវិញលើកឡើងថា កម្មវិធីផ្តល់អាហារតាមសាលារៀននេះ បានរួមចំណែកកម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖

ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” ៕

Share.