ភ្នំពេញ៖ អ្នកនាំពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា លោក ឡុង កុសល បានបញ្ជាក់ថា ក្រុមអ្នកបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវក្នុងផែនការស្តារស្រះទឹកបុរាណនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័ន តែគម្រោងនេះត្រូវការពេលសិក្សាឱ្យបានច្បាស់លាស់ពីរចនាសម្ព័ន្ធរបស់ស្រះ មុនឈានទៅស្តារកា្លយជាស្រះស្តុកទឹកដូចកាលពីសម័យបុរាណនោះ។

អ្នកនាំពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា លោក ឡុង កុសល។

ផ្អែកតាមសិលាចរិកដែលបានកត់ត្រាពីស្រះទឹកនៅប្រាសាទបាយ័ននេះ អ្នកនាំពាក្យអាជ្ញាធរអប្សរាបន្ថែមថា ស្រះនេះមានតាំងពីការកសាងប្រសាទបាយ័នមកម្ល៉េះ។ ដោយឡែកការបាត់រូបរាងស្រះវិញនៅពេលណា និងដោយ សារមូលហេតុអ្វីនោះលោកពុំទាន់អាចបញ្ជាក់បានទេ។

យ៉ាងណាបើតាមប្រសាសន៍របស់បុរាណវិទូ លោក ខៀវ ច័ន្ទ លើទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កំណាយដែលក្រុមការងារកំពុងស្រាវជ្រាវនេះ គឺជាកំណាយសង្គ្រោះក្នុងគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។លោកថាកំណាយនេះ សម្រាប់សិក្សាឱ្យប្រាកដ ថាតើរចនាសម្ព័ន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា? មានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ពិសេស ចង់ដឹងតើថាអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹក ឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។

សកម្មភាពកំណាយស្រះទឹកប្រាសាទបាយ័ន។

លោក ខៀវ ច័ន្ទ ឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។

ក្រុមអ្នកបុរាណវិទូឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ។

សកម្មភាពកំណាយស្រះទឹកប្រាសាទបាយ័ន។

លោក ឡុង កុសល បញ្ជាក់បន្ថែមទៀតថា ផែនការស្តារស្រះធ្លាប់មានតាំងពីក្រោយប្រាសាទអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិក ភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ មកម្ល៉េះ ដោយកាលណ្ណោះក្រុមការងារពីប្រទេសជប៉ុនបានរើថ្មមួយចំនួនទុកដាក់ឡើយឡែក ហើយទើបចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅចុងឆ្នាំ២០២៣៕

Share.