ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបានបានប្រកាសដល់សាធារ ណជនឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga​ ខណៈវ៉ាក់សាំងមួយនេះមិនទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។

ការចេញមកបញ្ជាក់របស់ក្រសួងសុខាភិបាលនេះ ស្របពេលដែលសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយទាក់ទងការរកឃើញវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdengaនេះ។

វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។

សម្រាប់ក្រសួងសុខាភិបាលកម្ពុជា សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA ) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដដែល បញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានពីការប្រើប្រាស់វ៉ាក់សាំង Qdenga នេះចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក ដ្បិតវ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលកើតជំងឺគ្រុនឈាម ម្ដងទៀត វានឹងក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ញិកានៅក្នុងប្រទេសកម្ពុជានៅឡើយ។ ក្រសួងសុខាភិបាលកម្ពុជាសូមអំពាវនាវដល់សាធារណជន ត្រូវស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោ បាយសមស្របដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល សូមអំពាវនាវដល់ សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគ សញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់។

Share.