ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានសម្តែងការសាទរចំពោះអ្នកនេសាទ ដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រចូលក្នុងប្រភពទឹកធម្មជាតិវិញ ដែលជាផ្នែកមួយចូលរួមថែរក្សាការពារនូវធនធានជលផល។

រដ្ឋបាលជលផលសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ជលផលនិងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀតដែលនេសាទបានឱ្យបានផុសផុលថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្មក៏សង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានលែងប្រភេទត្រីនិងវារីសត្វដែលមានប្រភពពីបរទេស ហើយជាប្រភេទសត្វកាច ស៊ីសាច់ជាអាហារ និងសាយកូនលឿន ដែលសកម្មភាពនេះអាចបំផ្លាញដល់ត្រីផ្សេងៗទៀត ខណៈវាស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឱ្យប៉ះពាល់ដល់ពូជក្នុងស្រុក។ ចំពោះមុខបញ្ហានេះ រដ្ឋបាលជលផល សូមអំពាវនាវដល់ពលរដ្ឋដែលកំពុងចិញ្ចឹមប្រភេទត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។

យ៉ាងណាករណីពលរដ្ឋមានបំណងលែង ត្រីឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញជលផលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៩០៨ ១២១, ០៩៩ ៧៩១ ៩១៩, ០១២ ៩១១ ៤១១៕​

Share.