ភ្នំពេញ៖  លោក​ឧកញ៉ា សឹង ចា​ត​វិជ្ជា ស្ថាបនិក​និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ដាវី​ដា​កម្ពុជា បាន​និយាយ​នៅ​ចំពោះមុខ​កងទ័ព​អ្នកសារព័ត៌មាន​ថា ក្រុមហ៊ុន​របស់លោក​បាន​គម្រោង​ចំណាយ​ទុន​ដល់​ទៅ១លាន​ដុល្លារ ក្នុងការ​បើកទ្វារ​រោងចក្រ​ផលិត​និង​វេច​ខ្ចប់​គ្រឿងសំអាង​កម្រិតស្ដង់ដា​រ​កូរ៉េ ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​ប្រេន​ដែល​ចង់​បង្កើត​ផលិតផល​ថ្មី ដោយ​មិនបាច់​ពេលវេលា​ឡើងទៅ​ផលិត​នៅ​បរទេស​ទៀត។

ក្រុមហ៊ុន ដាវី​ដា​កម្ពុជា គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ដាវី​ដា​កូរ៉េ មានបទពិសោធន៍​ជាង៣០ឆ្នាំ(៣៥ឆ្នាំ)ទៅលើ​ការផលិត និង​ស្រាវជ្រាវ​គ្រឿងសម្អាង។ បច្ចុប្បន្ននេះ ដាវី​ដា​ទទួលបាន​ការបញ្ជាទិញ​ពី​អតិថិជន វៀតណាម កម្ពុជា ម៉ុង​ហ្គោ​លី ថៃ អាមេរិក ជាដើម។

ការបើក​កាត់​ខ្សែបូរ​ក្រហម​បើកទ្វារ​រោងចក្រ​ដាវី​ដា​កម្ពុជា​លោក​ឧកញ៉ា សឹង ចា​ត​វិជ្ជា ប្រាប់​ពី​គោលបំណង​និង​ការតាំង​ចិត្ត​ផលិត​នូវ​គ្រឿងសម្អាង​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក ដើម្បី​កាត់បន្ថយ​ការ​នាំចូល​គ្រឿងសម្អាង​ពី​បរទេស​ថា ដាវី​ដា​នៅ​កម្ពុជា​គឺមាន​សេវាកម្ម ៣ ធំៗដូចជា ទី១. ការផលិត​គ្រឿងសំអាង​ដោយ​នាំយក​នូវ​វត្ថុ​ធាតុ​ពី​ក្នុងស្រុក​មក​ផលិត ទី២.ការ​វេច​ខ្ចប់​គ្រឿងសំអាង និង​ទី៣.គឺ​ការ​នាំចូល​ប្រេន​ដ៏ល្បីៗពី​ប្រទេស​កូរ៉េ ដែល​ក្រុមហ៊ុន​ដាវី​ដា​កម្ពុជា​នឹង​ជួយ​សម្រួល​ជូន​ដល់​ពាណិជ្ជករ​ទាំងអស់។

លោក​ឧកញ៉ា សឹង ចា​ត​វិជ្ជា បន្តថា ហើយ​តាម​ការស្រាវជ្រាវ​ប្រមូល​ទិន្ន័យបឋម​បានឱ្យ​ឃើញថា កម្ពុជា​ចំណាយ​លើ​ការ​នាំចូល​ប្រភេទ​គ្រឿងសំអាង​ពី​បរទេស​ដល់​ទៅ ១៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ មួយវិញទៀត​លោក​សម្លឹង​ឃើញថា ប្រទេស​ខ្លះ​បាន​នាំ​វត្ថុធាតុដើម​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ផលិត ចុះ​ហេតុអ្វី​ក៏​កម្ពុជា​មិនបង្កើត​រោងចក្រ​ផលិត​ដោយ​ខ្លួនឯង?។ ដោយសារតែ​រូបលោក​ផ្ទាល់​ជា​សហគ្រិន​មួយ​ដែល​តែងតែ​ស្រឡាញ់​ពាក្យស្លោក​ខ្មែរ​មួយ​និយាយថា «ខ្មែរ​ធ្វើបាន» ទើប​ជាហេតុ​ធ្វើឱ្យ​លោក​ចាយ​ទុន​ដើម្បី​បើក​រោងចក្រ​វេច​ខ្ចប់​គ្រឿងសំអាង​កម្រិតស្ដង់ដា​រ​កូរ៉េ​ដែល​ធ្លាប់មាន​បទពិសោធន៍​មកជា​ច្រើន​ឆ្នាំ។

លោក​ឧកញ៉ា ក៏បាន​បន្ថែមថា ដំណើរ​ការបើក​រោងចក្រ​ដាវី​ដា​នៅ​កម្ពុជា​បាន៩០% ទៅលើ​ផែន​វេច​ខ្ចប់​ដែល​ចំណាយ​ប្រាក់​ទុន​ដល់​ទៅ ៥០ ម៉ឺន​ដុល្លារក្នុងការសាងសង់រោងចក្រ ហើយ​ចំពោះ​ផែន​ធំ​របស់​ក្រុមហ៊ុន​ទាំង​ការផលិត និង​នាំ​វត្ថុធាតុដើម​ពី​ក្នុងស្រុក​មក​ផលិត​ជា​គ្រឿងសំអាង គឺ​គ្រោង​ចំណាយ​ដល់​ទៅ ១ លាន​ដុល្លារ។ លោក​តាំងចិត្ត​ថា ដាវីដាកម្ពុជានឹង​ផលិត​នូវ​គ្រឿងសម្អាង​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការ​នាំចូល​គ្រឿងសម្អាង​ពី​ក្រៅប្រទេស។

លោក​ឧកញ៉ា សឹង ចា​ត​វិជ្ជា បាន​សង្កត់ធ្ងន់ថា គោលបំណង​ធំ​ដែល​លោក​ហ៊ាន​បើក​រោងចក្រ​វេច​ខ្ចប់​គ្រឿងសំអាង​ដ៏​ធំ​នៅ​កម្ពុជា​នេះ ក៏​ព្រោះតែ​លោក​ចង់ឱ្យ​អ្នកប្រើប្រាស់​គ្រឿងសំអាង​នៅ​កម្ពុជា ងាក​មក​គាំទ្រ​ផលិតផល​នៅក្នុង​ស្រុក​ដែល​ស្របតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល​ដោយ​គិត​ទៅលើ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព។

សូមជម្រាបថា សព្វថ្ងៃនេះ ក្រុមហ៊ុន​ដាវី​ដា​នៅ​កម្ពុជា​បាន​បញ្ចេញ​ផលិតផល​ដែលមាន​គុណភាព និង​ស្ដង់ដារ​អន្តរជាតិ​នៅលើ​ទីផ្សារ​រួចមកហើយ​រួមមាន Winter, K-GLOW និង Toner pad Vitamin-C ជាដើម។ ដាវី​ដា​ប្ដេជ្ញា​ផ្ដល់ជូន​អតិថិជន​នូវ​គុណភាព គុណ​តម្លៃ ផលិតផល​សុទ្ធ​មាន​ស្ដង់ដារ​អន្តរជាតិ១រយ​ភាគរយ៕

Share.