សិល្បៈអ​ន្តរជាតិ​៖ ការ​បរិច្ចាគ​ឈា​មគឺជា​រឿង​ល្អ ព្រោះ​បាន​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ដែល​កំពុង​តែ​ត្រូវ​ការ​ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ស្ម័គ្រចិត្ត​ចង់​ចូលរួម​នោះ​​ឡើយ​។ ហេតុ​ដូច្នេះ​ទើប​អង្គការ​នានា​បាន​ព្យាយាម ​បង្កើតព្រឹត្តិការណ៍ផ្សេងៗ ក៏​ដូច​ជា​ការ​ផ្ដល់​វត្ថុអនុស្សាវរីយ៍​ អាហារ​ ឬ​របស់​របរ​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​ឱ្យ​មនុស្ស​ចូលរួម​ផ្ដល់ឈាម​។ យ៉ាង​ណា​មិញ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល​កើន​កំណើន​ផ្ដល់ឈាម​ត្រូវ​អរគុណ​យ៉ាង​ខ្លាំង​ដល់​ក្រុម​ចម្រៀងបុរស​​ Seventeen។

ឈាន​ចូល​ដល់​ក្នុង​ឆ្នាំ​២០២៤ កាល​ពី​ថ្ងៃ​ទី​១២ ខែមករា មជ្ឈមណ្ឌល​ផ្ដល់​ឈាម​ទី​១៣ នៅ​ភាគជើង​ក្រុង​សេអ៊ូល​បាន​ផ្ដល់​ជូនបន្ថែម​​ដល់​អ្នក​ចូលរួមបរិច្ចាគ​ឈាម​នូវ​ Photocards របស់​ក្រុម​ចម្រៀង​ ជាមួយ​នឹង​នំ​ប៊ឺហ្គឺរ​ និង​សម្ភារៈ​ផ្សេង​រាល់​ពេល​មក​បរិច្ចាគ​ឈាម​។

ក្រោយ​ពី​នោះ​ស្រាប់​តែ​មាន​របាយការណ៍​ចេញ​ផ្សាយ​ថា​មាន​អ្នក​ផ្ដល់ឈាម​ថ្មីៗជា​ច្រើន​រហូត​ធ្វើ​ឱ្យ​ចំនួន​លោត​ឡើង​រហូត​ដល់​៦៨.៨%​ បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ ខណៈ​ដែល​ចំនួន​នៃ​អ្នក​ផ្ដល់​ឈាម​បាន​កើន​ឡើង​រហូត​៨០.៦%។ ក្នុង​ចំណោម​អ្នក​ផ្ដល់ឈាម​ទាំង​អស់​នោះ​ភាគ​ច្រើន​ជា​យុវវ័យ​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំជាង​ ដែល​ភាគ​ច្រើន​អាច​ជា​ក្រុម​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ Seventeen។

មន្ត្រី​មក​ពី​កាកបាត​ក្រហម​កូរ៉េ​ បាន​ចែក​រំលែក​ឱ្យ​ដឹង​ថាក្រុម​ការងារ​បាន​ត្រៀម​ Photocards របស់​ក្រុម​ Seventeen ត្រឹម​តែ​ ១០០​០​សន្លឹក​​ សម្រាប់​កម្មវិធី​ផ្ដល់ឈាម​នោះ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​កម្មង់​បន្ថែម​ដោយ​សារ​តែ​កំនើន​នៃ​អ្នក​ផ្ដល់​ឈាម​បាន​កើន​ឡើង​យ៉ាង​គំហុក​។ មន្ត្រី​កូរ៉េ​សង្ឃឹម​ថា​សកម្មភាព​នេះ​នឹង​កើន​ឡើង​កាន់​តែ​ច្រើន​នៅទូទាំង​ផ្ទៃ​ប្រទេស​មិន​មែន​ត្រឹម​តែ​ក្នុង​ក្រុងសេអ៊ូល​នោះ​ឡើយ​៕

Share.