កីឡាករ​វ័យ​២៨​ឆ្នាំ កីឡាករ EJ Obiena ដែល​ជា​ម្ចាស់​មេដាយ​មាស​ កីឡា​អត្តពលកម្ម វិញ្ញាសា​លោត​​កម្ពស់ Pole vaulting ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ កន្លង​ទៅ​លើ​ទឹកដី​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​អត្តពលិក​ឆ្នើម​ជាង​គេ​របស់​ហ្វីលីពីន (The PSA Athlete of the Year) ជំនាន់​ទី​​៤៧។

សមិទ្ធផល​របស់​កីឡាករ​ EJ Obiena នៅ​ឆ្នាំ​២០២៣ គឺ៖
​-ឈ្នះ​មេដាយ​​មាស​ស៊ីហ្គេម លោត​បាន​កម្ពស់ ៥.៦៥ម៉ែត្រ​
-ឈ្នះ​មេដាយ​មាស​ជើង​ឯក​អាស៊ី Asian Championships នៅ​បាងកក លោត​បាន​កម្ពស់ ៥.៩១ម៉ែត្រ
-ឈ្នះ​មេដាយ​មាស​កីឡា​អាស៊ី Asian Games នៅ​ប្រទេស​ចិន លោត​បាន​កម្ពស់ ៥.៩០ម៉ែត្រ
-ឈ្នះ​មេដាយ​ប្រាក់​ពិភពលោក World Championships នៅ​ប្រទេស​ហុងគ្រី លោត​បាន​កម្ពស់​៦ម៉ែត្រ

បច្ចុប្បន្ន​កីឡាករ EJ Obiena កំពុង​ឈរ​​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​លេខ​២​ពិភពលោក ក្រោម​ការ​បង្វឹក​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​អ៊ុយក្រែន Vitaly Afanasevich Petrov ខណៈ​តាំង​ពី​បង្ហាញ​ខ្លួន​នៅ​ស៊ីហ្គេម​ពី​ឆ្នាំ​២០១៥ មក​កីឡាករ​រូប​នេះ ឈ្នះ​មេដាយ​មាស​៣លើក និង​ឈ្នះ​មេដាយ​ប្រាក់​១លើក​ផង​ដែរ។

កីឡាករ EJ Obiena បាន​យក​ឈ្នះ​លើ​កីឡា​ការិនី Hidilyn Diaz ផ្នែក​លើក​ទម្ងន់​ដែល ជា​​ម្ចាស់​មេដាយ​មាស​អូឡាំពិក​រដូវក្តៅ ២០២១ កន្លង​ទៅ​និង​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក ៣ជំនាន់ ធ្លាប់​ឈ្នះ​ពាន​អត្តពលិក​ឆ្នើម​ហ្វីលីពីន ២​ឆ្នាំ​ជាប់​គ្នា​ក្នុង​ឆ្នាំ​២០២១ និង​២០២២ កន្លង​ទៅ។

Manny Pacquiao និង Rafael “Paeng” Nepomuceno

ពានរង្វាន់ PSA Athlete of the Year ត្រូវ​បាន​ហ្វីលីពីន បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៧៤ ហើយ​កីឡាករ Rafael “Paeng” Nepomuceno ផ្នែក​កីឡា​ប៊ូល និង​កីឡាករ Manny Pacquiao ផ្នែក​ប្រដាល់​សាកល ធ្លាប់​ឈ្នះ​បាន​ច្រើន​លើក​ជាង​គេ​ដូចគ្នា ពោល​គឺ​៥លើក​ម្នាក់៕

Share.