បើទោះ​ជា​ការប្រកួត​តានតឹង​ប្រជែង​កៅអី​កំពូល​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ក្នុង​សប្ដាហ៍​ទី២០​ក្តី ប៉ុន្តែ​ក្រុម​ភ្នំពេញក្រោន ម្ចាស់​ជើង​ឯក​៧សម័យ​នឹង​ទៅ​ប្រកួត​លើ​ទឹកដី​នៃ​ខេត្ត​ស្វាយរៀង​ដោយ​អវត្តមាន​គ្រូ​បង្វឹក​លើ​ទីលាន។

លោក Oleg Starynskyi (រូបថត៖ CPL)

លោក Oleg Starynskyi គ្រូ​បង្វឹក​ជនជាតិ​អ៊ុយក្រែន របស់​ភ្នំពេញក្រោន ត្រូវ​ពិន័យ​មិន​អោយ​ចូល​ទីលាន​ចំនួន​១​ប្រកួត ក្នុង​សប្ដាហ៍​ទី២០ ពោល​គឺ​នៅ​ក្រោយ​លោក​ត្រូវ​ពិន័យ​កាត​លឿង​លើក​ទី៦ ទល់​ក្រុម​​បឹងកេត ចុង​សប្ដាហ៍​កន្លង​ទៅ នៃ​សប្ដាហ៍​ទី១៨ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium។

ការ​ពិន័យ​កាត​លឿង​ទាំង​៦​សន្លឹក​របស់​​លោក Oleg Starynskyi មាន៖
លើក​ទី១៖ សប្ដាហ៍​ទី២ ទល់​ព្រះខ័នរាជស្វាយរៀង
លើក​ទី២៖ សប្ដាហ៍​ទី៤ ទល់​ណាហ្គាវើល
លើក​ទី៣៖ សប្ដាហ៍​ទី​១០ ទល់​បឹងកេត
លើក​ទី​៤៖ សប្តាហ៍​ទី​១៤ ទល់​វិសាខា
លើក​ទី៥៖ សប្តាហ៍​ទី១៥ ព្រះខ័នរាជស្វាយរៀង
លើក​ទី៦៖ សប្ដាហ៍​ទី១៩ ទល់​បឹងកេត

ក្រុមភ្នំពេញក្រោន (រូបថត៖ ភ្នំពេញក្រោន)

ទោះបី​ជា​អវត្តមាន​លោក Oleg ក្ដី​ក៏​ប៉ុន្តែ​ភ្នំពេញក្រោន នៅ​មាន​លោក លី ហៀង ជា​អគ្គលេខាធិកា លោក កែវ សុខង៉ន់ ជា​អ្នកចាត់ការក្រុម និង​លោក គិម កាស៊ី ជា​លេខាធិការ លោក ANATOLII BONDARENKO ជនជាតិ​អ៊ុយក្រែន ជា​ជំនួយការគ្រូបង្វឹក លោក ARTHUR FRANCK PLANCHENAULTជនជាតិ​បារាំង ជា​គ្រូ Fitness លោក ខេង រស្មី ជា​គ្រូចាំទី លោក គឹម លាបហ្វុង ជា​គ្រូជំនួយ លោក វ៉ិន វណ្ណៈ ជា​គ្រូជំនួយ និង​លោក BAUDRIT Florian Mathieu ជនជាតិ​បារាំង ជា​នាយកបច្ចេកទេស។

អន ចាន់ប៉ូលីន ប្រធានក្រុមភ្នំពេញក្រោន និង សឿយ​ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង (រូបថត៖ CPL)

ក្រុម​ព្រះខ័នរាជស្វាយរៀង កំពុង​ត្រូវការ​ពិន្ទុ​បន្ថែម​ជា​បន្ត​ដើម្បី​រក្សា​កៅអី​កំពូល​តារាង CPL រដូវកាល​នេះ ដែល​មាន​៤៧ពិន្ទុ​ក្នុង​ដៃ ស្រប​ពេល​ដែល​ក្រុម​ភ្នំពេញក្រោន ដែល​ឈរ​លេខ២​ក៏​ត្រូវ​ការ​ពិន្ទុ​បន្ថែម ដើម្បី​ប្រជែង​ពិន្ទុ ការពារ​តំណែង​ជើង​ឯក​ផងដែរ ព្រោះ​បច្ចុប្បន្ន​មាន​៤៥​ពិន្ទុ​តាម​ពី​ក្រោយ និង​ដាច់​ពី​ក្រុម​លេខ​៣​វិសាខា ដែល​កំពុង​កាន់​៣៥ពិន្ទុ គិត​ត្រឹម​​សប្ដាហ៍​ទី១៩​នេះ។

ចំពោះ​ប្រកួត​ជក់ចិត្ត​រវាង​ព្រះខ័នរាជស្វាយរៀង ទទួល​ភ្នំពេញក្រោន ក្នុង​សប្ដាហ៍​ទី២០ ត្រូវ​នឹង​ជុំទី៣ នៃ​ពានរង្វាន់ CPL នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦ល្ងាច លើ​ទីលាន​កីឡដ្ឋាន​​ស្វាយរៀង ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ ចំណែក​ឯ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​មាន​២​ជម្រើស ក្នុង​នោះ CAT A តម្លៃ​៦ពាន់​រៀល និង CAT B តម្លៃ ៤ពាន់​រៀល៕

Share.