ភ្នំពេញ៖ សមត្ថកិច្ច​ចាប់បានហើយឃាតករំលោភ​ស្ត្រី​ពោះ​ធំ ៥ ខែ សម្លាប់​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ រួច​ដុត​សាកសព​ចោល​ក្នុង​ព្រៃ ហើយត្រូវបាន​ប្រទះ​ឃើញ​សាកសព​នៅ​វេលា​ម៉ោង ១៨ និង ៤០ នាទី ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថិត​នៅ​ព្រៃ​ខាង​ជើង​ភូមិ ប្រហែល​ជាង ១ គីឡូម៉ែត្រ ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

បើ​តាម​ប្រភព ជនសង្ស័យ​មាន​ឈ្មោះ ភឹម រតនា ហៅ គាង អាយុ ៣៧ ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិត​ប្រាកដ ចាប់​ខ្លួន​បាន​កាលពី​វេលា​ម៉ោង ១៦ និង ៣៥ នាទី ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៤ នៅ​ចំណុច​មុខ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ចំណែក​ឯ​នារី​រង​គ្រោះ​ឈ្មោះ វ៉េង ថារី ហៅ ស្រី​ម៉ី ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល (ស្លាប់​ដោយសារ​រឹតក​នឹង​ខ្សែ​អង្រឹង រួច​ចាក់​សាំង​ដុត​ចោល​)។

ករណី​ឃាតកម្ម​នេះ បើ​តាម​ការ​សាកសួរ ជនសង្ស័យ បាន​សារភាព​ថា កន្លងមក ខ្លួន និង​ជន​រង​គ្រោះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ច្រើន​លើក​មក​ហើយ។ ក្នុង​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ មុន​កើតហេតុ រូបគេ(ជនសង្ស័យ​) បាន​ទូរស័ព្ទ​ហៅ​នារី​រងគ្រោះ​មក​រួម​ភេទ​ជាមួយ ហើយ​ជនរងគ្រោះ​ក៏​ព្រមព្រៀង​ជួប ដោយ​ជិះ​ម៉ូតូ​មក​ខ្លួនឯង។ បន្ទាប់មក ជនសង្ស័យ​ខាង​លើ ក៏​មាន​គំនិត​ជាស្រេច​ថា នឹង​សម្លាប់​ជនរងគ្រោះ​ដើម្បី​យក​ម៉ូតូ។

ក្រោយមកជនសង្ស័យ ក៏បាន​ជិះម៉ូតូ​ចេញ​ដំណើរ ដោយ​បាន​ឈប់​ទិញ​ខ្សែ​អង្រឹង​នៅ​តាម​ផ្លូវ រួច​ក៏​មក​ជួប​ជនរងគ្រោះ​នៅ​ផ្លូវ ៤២ តាម​ការ​ណាត់។ នៅ​ពេល​ជួប​គ្នា ជនសង្ស័យ បាន​ជិះ​ម៉ូតូ​នារី​រងគ្រោះ ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ​លាយ​ស ស្លាក​លេខ 1KI-2858 ឌុប​ជនរងគ្រោះ​ចូល​ផ្ទះ​សំណាក់ “សួគ៌ា” (នៅ​ភ្នំ​បាសិត)។ ប្រហែល ១ ម៉ោង ក្រោយមក បន្ទាប់ពី​រួមភេទ​ជាមួយគ្នា​ហើយ ជនសង្ស័យ ក៏​ឌុប​ជនរងគ្រោះ​ចេញ​ពី​ផ្ទះ​សំណាក់ ជិះ​ទៅ​រក​កន្លែង​ស្ងាត់ ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់។ លុះ​ពេល​មក​ដល់​ព្រៃ​កន្លែង​កើត​ហេតុ ជនសង្ស័យ ក៏​ឈប់​ម៉ូតូ ហើយ​ធ្វើ​ជា​អង្គុយ​និយាយ​គ្នា​លេង។ នៅ​ពេល​ជនរងគ្រោះ​កំពុង​អង្គុយ​ភ្លេចខ្លួន ជនសង្ស័យ ក៏​យក​ខ្សែ​អង្រឹង​ដែល​ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ​រួចជាស្រេច មក​ធ្វើ​សកម្មភាព​ទាក់​រឹតក​នាង​ពីក្រោយ ហើយ​ទាញ​បង្វិល​ផ្កាប់មុខ​មិន​ឲ្យ​រើ​បម្រាស់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ។

តាមចម្លើយជនសង្ស័យបានបញញចាក់ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​ខាង​លើ​ហើយ ជនសង្ស័យ ក៏​យក​ខ្សែ​ទាក់​ក​ជនរងគ្រោះ​អូស​ចូល​ទៅ​ក្នុង​ព្រៃ ប្រហែល ៣០ ម៉ែត្រ ដោយ​ប្រមូល​ស្មៅ និង​មែក​ឈើ​ងាប់ៗ ក្បែរ​នោះ គ្រប​លើ​សព​នារី​រងគ្រោះ។ បន្ទាប់​មក​ទៀត ជនសង្ស័យ ក៏បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ​ទៅ​ទិញ​សាំង និង​ដែកកេះ នៅ​តូប​លក់​ក្នុង​ភូមិ ដោយ​យក​សាំង​មក​ស្រោច​លើ​សព ហើយ​កេះ​ដែកកេះ​ដុត​តែម្ដង។ ភ្លាមៗ នោះ​ដែរ ជនសង្ស័យ ក៏​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​យក​ទៅ​លក់​នៅ​ភ្នំពេញ​តែម្ដង៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.