ខេត្តត្បូងឃ្មុំ៖ បានជ្រើសរើសដំណាំដាំម្នាស់វិញម្តង ដោយសារម្នាស់ងាយដាំ ធននឹងអាកាសធាតុ ឲ្យផលល្អ ងាយលក់សម្បូណ៌ទីផ្សារច្បាស់លាស់។ម្នាស់កែវទឹកឃ្មុំ ក្នុងផ្ទៃដីមួយហិចតា វាផ្តល់ប្រាក់ចំណូកក្នុងមួយឆ្នាំមិនក្រោម១ម៉ឺនដុល្លារ នោះទេ។  

លោក ប៉ាង សូត អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិភ្នំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា ម្នាស់ដាំមិនរើសដីទេ ទាំងដីស ដីខ្មៅ និងដីក្រហម ។ល។ គឺដាំបានទាំងអស់ តែវាត្រូវការដីទួលស្រស់ទឹក ទើបវាឲ្យផលល្អ វាធននឹងអាកាសធាតុទាំងក្តៅ និងត្រជាក់ផងដែរ ហើយវាមិនត្រូវការដីដក់ទឹក និងជាំទឹកទេ ។ ក្នុងដី១ហិចតា យើងដាំបានម្នាស់ចំនួន៦ម៉ឺនដើម ទៅ៧ម៉ឺនដើម ជាទូទៅ កសិករចាប់ផ្តើមចុះដាំនៅខែមករានេះហើយ ដោយប្រើរយៈពេល១ឆ្នាំពេញទើបវាឲ្យផល ។ ពេលប្រមូលផល គេលក់គិតជាឡូ ១ឡូមាន១២ផ្លែ ជាប្រភេទលេខ១ តម្លៃ២ម៉ឺន និង៣ពាន់រៀល ដែលចែកចេញជា១១ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង១ថង់មានចំនួន៤០ផ្លែ តម្លៃ៦ពាន់រៀល ។ ចំពោះទីផ្សារម្នាស់មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ចំការតែម្តង យកទៅលក់នៅ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ។ល។

មានទីផ្សារច្បាស់លាស់ ម្នាស់កែវទឹកឃ្មុំ ប្រកបដោយរសជាតិផ្អែមឆ្ងុយឆ្ងាញ់ ក្នុង១ហិចតាវាឲ្យផលបាន១ម៉ឺនដុល្លារ កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ។ ឥលូវកសិករ ចាប់ផ្តើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្តងហើយ។ 

លោក ភិន ឈុន ជាមេឃុំទន្លេបិទ បានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៣ភូមិ គឺមាន. ភូមិតាអ៊ុយ ភូមិភ្នំ និង ភូមិអំពិលជ្រុំ ដែលមានផ្ទៃដីដាំម្នាស់ ចំនួន៣០០ហិកតា។ ពេលកន្លងមកយើងមាន មេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេក ទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ ជាដើម ។ ព្រមទាំងការជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។កត្តាទាំងអស់ហើយ ដែលបានជម្រុញឲ្យបងប្អូនប្រជាកសិករទទួលបាននូវភាពជោគជ័យក្នុងវិស័យកសិកម្ម៕

Share.