នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ជូនដំណឹង​ពី​ការ​ឃាត់​ខ្លួន​ស្រ្តី​ម្នាក់​ជុំវិញ​ករណី​អូសទាញ​និង​ប្រមូល​ទិញ​គណនី​ធនាគារ (ABA) ពី​ពលរដ្ឋ​ហើយ​យក​ទៅ​លក់​បន្ត។ ​

បើ​តាម​ការ​​បញ្ជាក់​របស់​របស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​លើក​ឡើង​ថា ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ពី​ជន​រងគ្រោះ​ពាក់ព័ន្ធ​នឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួច​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម(Telegram) ធ្វើការ​ឆបោក​ប្រាក់​ដោយ​ប្រើ​មធ្យោបាយ​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ចូល​គណនី ABA។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​​ ដោយ​មាន​ការ​ឯកភាពពី​ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។

ការ​ឃាត់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​ការ​អូសទាញ ប្រមូល​ទិញ​គណនី​ធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បី​លក់​បន្ត​អោយ​បក្សពួក។ បច្ចុប្បន្ន​ជន​សង្ស័យ​រូប​នេះ​ត្រូវ​​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមនីតិវិធី​នៃច្បាប់។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បន្ត​​ក្រើន​រំលឹក​​សាធារណជន​ទាំង​អស់​ថា​ ការ​ប្រមូល​ទិញ ឬ​លក់​គណនី​កាត ATM ធនាគារ​ទៅ​អោយ​បុគ្គល​ដទៃ​គ្រប់គ្រង​ វា​ជា​អំពើ​ខុស​ច្បាប់ ដោយ​បុគ្គល​អ្នក​លក់​ និង​អ្នក​ប្រមូល​ទិញ​ក្លាយ​ជា​អ្នក​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ដោយ​ប្រយោល​មិន​ដឹង​ខ្លួន នៅ​ពេល​ជន​ទី៣ យក​គណនី​កាត ATM ធនាគារ​នោះ​ធ្វើ​ជា​មធ្យោបាយ​ដើម្បី​ទទួល​ផល​នៃ​បទល្មើស ហើយ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូច​ជនល្មើស​ផ្ទាល់​ផង​ដែរ៕

Share.