ត្បូងឃ្មុំ៖ ក្រោយពីប្រើពេលដាំដុះអស់រយៈជាង៣ខែ នៅលើផ្ទៃដីជាង៥០អារួចមក អ្នកភូមិភ្នំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលម្រះហើយនៅចុងខែមករា ឆ្នាំ២០២៤នេះ ដែរការប្រមូលផលឆ្នាំនេះបានធ្វើឱ្យពួកគាត់មានទឹកមុខរីករាយជាងឆ្នាំមុន ព្រោះវាឱ្យផលល្អជាងឆ្នាំទៅ តែតម្លៃទីផ្សារធ្លាក់ចុះបន្តិច។

លោក ពូយ វុធ អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំ ឃីទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីដាំបាន១ខែ១០ថ្ងៃ យើងចាប់ប្រមូលផលវាហើយ ក្នុង១ថ្ងៃយើងបេះផ្លែម្រះបានចំនួន៦០០គីឡូក្រាម រាល់ថ្ងៃ រយៈពេល១ខែដែរ ។ យើងអាចប្រមូលផលវាបាន១៥តោន ក្នុង១រដូវ ជាប្រភេទពូជម្រះខ្មែរយើង ។ ទីផ្សារមិនជាបញ្ហាទេ បញ្ហាត្រង់ថា ម្រះធ្លាក់ថ្លៃ ជាងឆ្នាំទៅ ឆ្នាំនេះ១គីឡូក្រាម តម្លៃ១៣០០រៀល ខណៈឆ្នាំទៅ២០០០រៀលឯណោះ ។ ពិសេសត្រង់ឆ្នាំនេះ ម្រះឲ្យផលទ្វេដង ចំពោះការចំណាយទៅលើជី ទ្រើង ពលកម្ម ជាង៤លានរៀល ហើយយើងប្រមូលផលវិញក៏រកប្រាក់ចំណូលគួរសមដែរ។This image has an empty alt attribute; its file name is image-123-1024x498.png

លោក ពូយ វុធ បានបន្តឱ្យដឹងទៀតថា គាត់បានដាំម្រះរយៈពេល១៣ឆ្នាំមកហើយ មុខរបរនេះគឺទាមទារបទពិសោធន៍មួយចំនួនដែរទើបដំណាំយើងអាចទទួលបានផលល្អ ហើយចំពោះបទពិសោធន៍របស់លោកផ្ទាស់ គឺយើងត្រូវចេះបច្ចេកទេសធ្វើដី បច្ចេកទេសនៃប្រើប្រាស់ជីធម្មជាតិ ការបាញ់ថ្នាំកំចាត់សត្វល្អិត។ កសិកររូបនេះបានរៀបរាប់ទៀតថា បន្ទាប់ពីដាំម្រះនេះហើយ លោកក៏បានដាំត្រសក់ និងននោង បន្តវិលជុំរាល់ៗឆ្នាំតែម្តង។

លោក ស៊ាង ស៉ីភឿន មេភូមិភ្នំបានបញ្ជាក់ថា ក្នុងភូមិភ្នំទាំងមូល មានប្រជាជនជាង២៧៥គ្រួសារដែរ តែគ្រួសារដាំម្រះមានតែ៥គ្រួសារនោះទេ ព្រោះអីបងប្អូនកសិករដទៃទៀត គេដាំដំណាំផ្សេងៗគ្នា តាមជម្រើសរៀងៗខ្លួន ហើយក៏ទទួលផលល្អដែរ៕

អត្ថបទ៖ សាន វីឡែម

Share.